TwitterFacebookGoogle PlusLinkedInRSS FeedEmail

Bayon Temple

Angkor Thom

Apasara Angkor

Music and Literature of the ancient Cambodia

Farm of Khmer

landscape of Khmer's Farm

Provinces of Cambodia

Picture for each provinces of Cambodia

View of Sun Set in Cambodia

1.View Sun Set at Tunle Sab River, 2.View Sun Set at Infront of Royal Palace, View Sun Set at Bak Kheang (Seam Riep),View Sun Set at O'Chertiel Beach

Security Gaurd of Anachak Angkor

We are here! Because this Kingdom is Ours....!

Showing posts with label Key Success. Show all posts
Showing posts with label Key Success. Show all posts

ឧកញ៉ា​មាន​អតីតកាល​ជា​អ្នក​រើស​សំរាម

មិត្ត​យុវវ័យ​ភាគច្រើន​ពិត​ជា​ស្គាល់​​សាលា​អន្តរទ្វីប​អាមេរិក​កាំង ប៉ុន្តែ​​​មិន​​ប្រាកដ​ថា​​​ស្គាល់​ច្បាស់​​ពី​ឆាក​ជីវិត​របស់​​ស្ថាបនិក​​សាលា​​នេះ​នៅ​ឡើយ​ទេ​។​ តាម​ការ​ពិត ឯកឧត្ដម ​ឧកញ៉ា វេជ្ជបណ្ឌិត​ គួច​ ម៉េងលី មាន​អតីតកាល​ធ្លាប់​ជា​អ្នក​រើស​សំរាម​តាម​ចិញ្ចើម​ថ្នល់ ប៉ុន្តែ​ដោយ​មាន​ចិត្ត​មោះមុត​ក្នុង​ការ​រៀន​សូត្រ​ និង​តស៊ូ​ជម្នះ​ឧបសគ្គ ធ្វើ​ឲ្យ​គាត់​​ទទួល​បាន​ជោគជ័យ​។
តើ​ខ្សែ​ជីវិត​របស់​លោក​មាន​ភាព​បត់បែន​យ៉ាងណា​ខ្លះ?
​កុមារភាព
លោក​ គួច ម៉េងលី កើត​នៅ​ថ្ងៃ​ទៅ​៧ ខែ​មិនា ឆ្នាំ​១៩៦៩ នៅ​ខេត្ត​បាត់ដំបង ជា​កូន​ទី​៤​ ចំណោម​កូន​៨​នាក់ ក្នុង​ត្រកូល​អ្នក​រកស៊ី មាន​លោក​ឪពុក​ឈ្មោះ​ គួច លៀងហួ និង​អ្នក​ម្ដាយ​ឈ្មោះ​​ សូវ​ សុក​ហួង។
អាយុ​ថ្លៃ ដើរ​កាត់​ចម្ការ​មីន​នៅ​តែ​មិន​ស្លាប់​
ដោយសារ​ពេល​វេលា​លូតលាស់​របស់​លោក​ ត្រូវ​ចំ​ពេល​ដែល​កម្ពុជា​​កើត​មាន​សង្គ្រាម​ផ្ទៃ​ក្នុង​ ពេល​នោះ​ ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​បាន​ភៀស​ខ្លួន​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ និង​រង​ការ​លំបាក​ជា​ច្រើន ។
បន្ទាប់​ពី​ឆ្នាំ​១៩៧៩ សម័យ​ប៉ុលពត​ដួល​រលំ គ្រួសារ​របស់​លោក​ក៏​បាន​រត់​ទៅ​តាម​ជាយ​ដែន​ជាមួយ​បងប្អូន​ខ្មែរ​ដទៃ​ទៀត នៅ​ជុំរុំ​មួយ ហើយ​ត្រូវ​បាន​យោធា​ថៃ​ដឹក​បញ្ជូន​ មក​ទម្លាក់​តាម​ជួរ​ភ្នំ​ដងរែក​វិញ។ ដោយ​ដឹង​ថា​ ព្រៃ​ខាង​ក្រោម​ភ្នំ​នោះ​មាន​មីន អ្នក​ខ្លះ​មិន​ព្រម​ចុះ​ រហូត​ត្រូវ​​គេ​បាញ់​ទម្លាក់​តែ​ម្ដង។ ជន​ភៀសខ្លួន​ខ្លះ​ទៀត​ តោង​​វល្លិ៍​​ចុះ​មក​ក្រោម ត្រូវ​ផ្ទុះ​មីន​ស្លាប់។
លើស​ពី​នេះ​ទៅ​ទៀត ​អ្នក​ដែល​ចុះ​មក​មាន​ជីវិត​ក៏​មិន​ហ៊ាន​ដើរ​ដែរ ​គឺ​ចម្ការ​មីន ហើយ​ដាច់​ស្បៀង​ទៀត​ផង​ សូម្បី​អង្ករជាប់​​​លើ​សាក​សព​ដែល​ស្លាប់​ពីរ​​បី​ថ្ងៃ​ហើយ ក៏​ត្រូវ​បាន​មនុស្ស​ដណ្ដើម​គ្នា​ហូប​អស់​ដែរ​ ក្នុង​នោះ​ក៏​មាន​គ្រួសារ​លោក​ផង។ ប៉ុន្តែ​ជា​ភ័ព្វ​សំណាង ​​មិន​មាន​​​សមាជិក​ក្នុង​​គ្រួសាររបស់​លោក​​​ណា​ម្នាក់​​​​បាត់បង់​​ជីវិត​​ឡើយ​។
ដើរ​សុំទាន​៣​ខែ ទម្រាំ​ដល់​សៀមរាប
​គ្រួសារ​លោក​ក៏​មិន​ខុស​ពី​គេ​ដែរ គឺ​ត្រូវ​ទម្លាក់​ខ្លួន​តាម​វល្លិ៍​​ចុះ​មក ប៉ុន្តែ​ជា​ភ័ព្វ​សំណាង ហើយ​ក៏​បាន​ដើរ​យឺត​​ៗ​តាម​អ្នក​ដែល​ធ្លាប់​ដើរ​ព្រៃ ក្នុង​មួយ​ថ្ងៃ​បាន​២០​ទៅ​៣០​គីឡូម៉ែត្រ ។ គ្រួសារ​​លោក​បាន​បំបែក​គ្នា​ដើរ ពីរ​ទៅ​មុន​ និង​ពី​រ​ទៅ​ក្រោយ​ជៀសវាង​ត្រូវ​គ្រាប់​ស្លាប់​ទាំងអស់​គ្នា។ ពេល​ខ្លះ​គ្រួសារ​លោក​គ្មាន​អី​ញ៉ាំ​ លោក​បាន​ដើរ​​សុំ​ទាន​គេ​តាម​ផ្ទះ​អ្នក​ស្រុក​ រហូត​ដល់​​ខេត្ត​សៀមរាបប្រើ​ពេល​អស់​ប្រហែល​ជា​៣​ខែ។ ជាមួយ​គ្នា​នេះ​ក៏​​បានប្រមូល​​សម្ភារៈ​ខ្លះ​របស់​អ្នក​ស្លាប់​ជា​ច្រើន​ តាម​ដង​ផ្លូវ​ ទុក​គ្រាន់​ប្រើប្រាស់​។
ប្រថុយ​ជីវិត​ដើម្បី​ជៀស​ពី​សង្គ្រាម ​
គ្រួសារ​របស់​លោក​​​​រស់នៅ​ខេត្ត​បាត់ដំបង មិន​យូរ​ប៉ុន្មាន​​ទេ ​ដោយ​ស្រុក​អសន្តិសុខ ព្រោះ​មាន​ការ​បាញ់​គ្រាប់​ប្លោង​​​ដាក់​គ្នា​រហូត រវាង​កង​​ទ័ព​រដ្ឋាភិបាល និង​ទ័ពប៉ុលពត។​​​​ គ្រួសារ​របស់​លោក​ក៏សម្រេច​ចិត្ត​រត់​ភៀសខ្លួន​ម្ដង​ទៀត​ទៅ​ជុំរំ ជន​ភៀស​ខ្លួន​ខ្មែរ​​​នៅ​ប្រទេស​ថៃ ដោយ​ជំហាន​ដំបូង នា​ពេល​យប់ ឪពុកម្ដាយ​របស់លោក​​ បណ្ដោះ​បង​ៗ របស់​លោក​ម្ដង​ពីរ​​នាក់​ៗ​ទៅ​មុន ​ចុង​ក្រោយ​គឺ​លោក​ និង​ប្អូន​ទៅ​ជាមួយ​ឪពុក​ រត់​កាត់​ព្រៃ​ជ្រៅ ទោះ​បី​ដឹង​ថា ព្រៃ​ទាំង​នោះ មាន​មីន​ មាន​យោធា​ថៃ ចាំ​បាញ់ អ្នក​ដែល​រត់​ឆ្លង​ដែន​ក៏​ដោយ។
សំណាង​អាក្រក់​គឺ​អ្នក​ស៊ីឈ្នួល​នាំ​ផ្លូវ​ បាន​បោះ​ពួក​លោក​ចោល​កណ្ដាល​ព្រៃ​ទៀត​ផង ប៉ុន្តែ​ឪពុក​លោក​បាន​ជម្នះ​នាំ​កូន​ទាំង​អស់​រត់​ចូល​រហូត​បាន​ចូល​ដល់​ជំរំ​ព្រៃ​ជនភៀសខ្លួន​បាន​សម្រេច​។
ឆ្នាំ​៨១ ដល់​ឆ្នាំ​៨៣ គ្រួសារ​លោក​បាន​រស់នៅ​ក្នុង​ជុំរុំ​​ខៅអីដាង។ ត្បិត​រស់នៅ​ជំរំ​​មាន​សន្តិភាព​ពិត​មែន ប៉ុន្តែ​ចំពោះ​ការ​ហូបចុក​ត្រូវ​បាន​រឹតត្បិត​ជា​ខ្លាំង​ ហាក់​ត្រូវ​បាន​ការ​គេង​បន្លំ ហើយ​សេរីភាព​ក៏​មាន​តិច​ផង​ដែរ។ នៅ​ពេល​មួយ​ជុំរុំ​នោះ​ត្រូវ​ការ​បែង​ចែក ជា​៣​ផ្នែក ទី​មួយ​អ្នក​ដែល​អាច​ទទួល​បាន​សិទ្ធិ​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ មួយ​ផ្នែក​ទៀត​ត្រូវ​បន្ត​ឲ្យ​រស់នៅ​ក្នុង​ជុំរុំ​សិន និង​មួយ​ផ្នែក​ទៀត​ត្រូវ​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ។ គ្រួសារ​លោក​វិះ​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ ប៉ុន្តែ​ដោយ​មាន​ការ​អង្វរ​ក​ ​អាជ្ញាធរ​​នៅ​ទី​នោះ​ក៏​ទន់​ចិត្ត​ព្រោះ​ឃើញ​បងប្អូន​លោក​ច្រើន​។
ហ្វីលីពីន ឋានសួគ៌​របស់​ជនភៀសខ្លួន​
ជា​ភ័ព្វ​សំណាង​ត្រូវ​បាន​ ជាប់​ឆ្នោត​ជា​ជនអន្តោប្រវេសន៍​ទៅ​រស់នៅ​លើ​ទឹកដី​អាមេរិក។ ជា​ជំហាន​ដំបូង​គ្រួសារ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ជំរំ​ លាង​ជម្រះ​ខ្លួន​មួយ​នៅ​ប្រទេស​ហ្វីលីពីន ចំនួន​៩​ខែ។ ក្រុម​គ្រួសារ​លោក​បាន​ចាត់​ទុក​ជំរំ​នោះ​ដូចជា​ឋានសួគ៌​ ព្រោះ​ជនភៀសខ្លួន​ទាំងអស់​ត្រូវ​បាន​​យក​ចិត្ត​ទុក​ដាក់ ផ្ដល់​ចំណី​អាហារ​គ្រប់គ្រង ពិសេស​គឺ​ផ្ដល់​ការ​រៀន​សូត្រ​ និង​មិន​ត្រូវ​បាន​រើសអើង​។ ពេល​នោះ​ សមាជិក​ក្នុង​​គ្រួសារ​​លោក​ មាន​អារម្មណ៍​ហាក់​​ដូច​បាន​ឡើង​ឋានសួគ៌​​អីចឹង។
រើស​សំរាម​ សន្សំ​ប្រាក់ ​ ទោះ​មាន​ការ​ផ្គត់ផ្គង់​ពី​រដ្ឋាភិបាល​ក៏​ដោយ​
រហូត​ដល់​ឆ្នាំ​១៩៨៤ គ្រួសារ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​រស់​នៅ​ រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក​ ដែល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង។​ ក្នុង​ឋានៈ​ជា​ជន​ភៀសខ្លួន​ ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​​ជួយ​​ឧបត្ថម្ភ​គាំទ្រ​គ្រប់​សព្វ​បែប​យ៉ាង។ ​ផ្ទះ​ស្នាក់នៅ​ អគ្គិសនី​ អាហារ​ហូបចុក​ គឺ​ត្រូវ​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។ ចំណែក​លើ​ថ្លៃ​សិក្សា ​បងប្អូន​៨​នាក់​របស់​លោក​សុទ្ធ​តែ​បាន​​គ្រប់​ៗ​គ្នា ។
លើស​ពី​នេះ​ទៅ​ទៀត​ ក៏​មាន​ជនជាតិ​ខ្មែរ​ជា​ច្រើន​ទៅ​នៅ​សហរដ្ឋ​អាមេរិក​មុនៗ បាន​ចូល​មក​លេង​ផ្ដល់​ជា​​ចំណី​អាហារ ប្រាក់​កាស​សម្រាប់​ចាយ​វាយ​ផង​ដែរ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្ដី សមាជិក​គ្រួសារ​របស់​ពួក​លោក​ឆ្លៀត​ពេល​ទំនេរ​ ពិសេស​បង​ៗ​លោក​ដែល​មាន​វ័យ​ពេញ​កម្លាំង​ ទៅ​ធ្វើការ​តាម​រោងចក្រ​ ឬ​តាម​កន្លែង​មួយ​ចំនួន​ដើម្បី​រក​ចំណូល​បន្ថែម។
ចំណែក​លោក​ដែល​មាន​វ័យ​​ជំទង់ ​បាន​ឆ្លៀត​ធ្វើជា​អ្នក​រើស​សំរាម ​ដែល​កាលណោះ​តាម​ដង​ផ្លូវ​នៅ​សហរដ្ឋ​អាមេរិក​ សំបូរ​កំប៉ុង និង​លុយ​ដែល​គេ​ជ្រុះ​គួរសម​។ ​ប្រាក់​​កម្រៃ​មួយ​ថ្ងៃ​សរុប​មួយ​គ្រួសារ​អាច​រក​បាន​ពី​៥០ ទៅ​៦០​ដុល្លារ​ដែរ​ ។ គ្រួសារ​លោក​បាន​សន្សំ​រហូត​ដល់​បាន​លុយ​គ្រប់​ចំនួន​ ធ្វើ​ជា​សោហ៊ុយ​ផ្លាស់ប្ដូរ​ទី​លំនៅ​ទៅ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ​ពី​ព្រោះ​នៅ​ទី​នោះ​​មាន​ជនជាតិ​ខ្មែរ​រស់នៅ​​ច្រើន និង​មាន​អាកាសធាតុ​ប្រហាក់​ប្រហែល​កម្ពុជា​ដែរ ។
ក្រ​ប៉ុណ្ណា​ក៏​នៅ​តែ​ស្រឡាញ់​ការ​សិក្សា
ដោយ​ការ​ស្រឡាញ់​ និង​ផ្ដល់​តម្លៃ​ចំពោះ​ការ​សិក្សា បង​ៗ​របស់​លោក​ទាំង​អស់ ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ វិទ្យាល័យ​ហើយ សុទ្ធ​តែ​បាន​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​​ទាំងអស់។​ ​ លោក​ក៏​ដូច​គ្នា បាន​បញ្ចប់​វិទ្យាល័យ​ ហើយ​បាន​ស្វះស្វែង​ប្រឡង​យក​អាហារូបករណ៍​។ នៅ​ឆ្នាំ​១៩៩២ លោក​បាន​​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ Berkeley ​រដ្ឋ​កាលីហ្វ័រញ៉ា យក​ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ​។
ជនជាតិ​ខ្មែរ តែ​រៀន​ពូកែ​ជាង​អាមេរិក​កាំង​
ដោយ​ស្រឡាញ់​វិជ្ជា​ពេទ្យ​ខ្លាំង​ ​ព្រោះ​យល់​ថា​ជំនាញ​នេះ​អាច​ជួយ​ជីវិត​មនុស្ស​បាន​ ​ក្រៅ​ពី​ឆ្លៀត​ធ្វើការ​ពេល​ទំនេរ លោក​វក់វី​ជាមួយ​ការ​រៀន​សូត្រ​ខ្លាំង។ មាន​ថ្ងៃ​មួយ​នៅ​ សាល​វះកាត់​សាកសព លោក​បាន​វក់​ជាមួយ​ការ​មើល​សៀវភៅ​បណ្ដើរ​ ពិនិត្យ​ជាក់​ស្ដែង​លើ​សាកសព​បណ្ដើរ រហូត​ដល់​ម៉ោង​ពី​យប់​។ ​មិត្ត​រួម​ថ្នាក់​ទៅ​ផ្ទះ​អស់ ​ ទុក​លោក​នៅ​ម្នាក់​ឯង​ជាមួយ​សាកសព​ជា​ច្រើន​ ធ្វើ​ឲ្យ​លោក​មាន​ការ​ភ័យ​ខ្លាចយ៉ាង​​ខ្លាំង​។
ដោយសារ​ការ​វក់​នឹង​ការ​រៀន​សូត្រ​បែប​នេះ ក្រោយ​ការ​បញ្ចប់​ការ​សិក្សា​ លោក​បាន​ទទួល​និទ្ទេស​ល្អ​ជាង​គេ ហើយ​ក៏​ត្រូវ​សាកលវិទ្យាល័យ​ ផ្ដល់​ឱកាស​ជា​គ្រូ​បង្រៀន។​ ការ​ក្លាយ​ជា​គ្រូ​បង្រៀន​ គឺ​​ជា​បំណង​ប្រាថ្នា​របស់​លោក​ដែរ។ លោក​បាន​ធ្វើជា​គ្រូ​បង្រៀន​លើ​ជំនាញ​ពេទ្យ​នេះ​រយៈ​ពេល​៣​ឆ្នាំ។
ឈាម​ជា​ខ្មែរ​ ធ្វើ​ការងារ​ដើម្បី​ខ្មែរ
ក្នុង​អំឡុង​ពេល​ជា​គ្រូ​បង្រៀន​ ចិត្ត​របស់​លោក​ចាប់​ផ្ដើម​នឹករឭក​​ដល់​ប្រទេស​កម្ពុជា​ ជា​ទឹកដី​កំណើត​។ នៅ​ឆ្នាំ​១៩៩៩​ តាម​រយៈ​ដៃគូ​អភិវឌ្ឍន៍​កម្ពុជា​ លោកបាន​​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អង្គការ​មួយ​ឈ្មោះ​ថា Maryland ដើម្បី​មក​កម្ពុជា​ក្នុង​​នាម​ជា​ពេទ្យ​ស្ម័គ្រ​ចិត្ត ។ នៅ​ឆ្នាំ​២០០០​ លោក​បាន​មក​កម្ពុជា​ បាន​ទទួល​ការងារ​ធ្វើ​ជា​អ្នក​ស្រាវជ្រាវ​លើ​បញ្ហា​ជំងឺ​កុមារ​ និង​ជា​ទីប្រឹក្សា​សុខភាព​សាធារណៈ​ របស់​មន្ទីរ​ពេទ្យ​បង្អែក​ទាំង​អស់​ នៅ​ក្នុង​ខេត្ត​ក្រចេះ​ ដោយ​ទទួល​បាន​បៀវត្សរ៍​ត្រឹម​៣៥០​ដុល្លារ លើ​ថ្លៃ​ជីវភាព ដែល​ទីតាំង​ធ្វើការ​គឺ​ស្ថិតនៅ​​ទីរួមស្រុក​ឆ្លូង។ តម្លៃ​ប្រាក់​ខែប៉ុណ្ណឹង​​ បើសិនជា​លោក​ធ្វើ​ការ​ស្រុក​អាមេរិក​វិញ​ លោក​អាច​ទទួល​បាន​ច្រើន​ជាង​នេះ​រាបរយ​ដង​ ​ប៉ុន្តែ​ដោយសារ​ទឹកចិត្ត​ស្រឡាញ់​អាណិត​មនុស្សដែល​មាន​ឈាម​ជ័រ​ដូចគ្នា​ លោក​បាន​ធ្វើការ​ដោយ​ក្ដី​សប្បាយ​រីករាយ​បំផុត​។
ទៅ​ហើយ​មក​វិញ ​ព្រោះ​មិន​ដាច់​ចិត្ត​ពី​ស្រុក​ខ្មែរ
ចប់​បេសកកម្ម​រយៈ​ពេល​១​ឆ្នាំ​លោក​បាន​វិល​ត្រលប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ។ ​ដោយ​ក្ដី​អាឡោះអាល័យ​​​​កម្ពុជា​ជា​ពន់ពេក​​ នៅ​​ឆ្នាំ​២០០៣ ​ទោះបីជា​មាន​ការ​ហាម​ឃាត់​ខ្លាច​ជួបបញ្ហា​​សុវត្ថិភាព​ប៉ុណ្ណា​ក៏​ដោយ ក៏​លោក​​នៅ​តែ​សម្រេច​ចិត្ត​មក​កម្ពុជា​ម្ដង​ទៀត​ ហើយ​ក៏​បាន​​បម្រើ​ការងារ​ជា​​ព្រឹទ្ធបុរស​នៅ​សាកលវិទ្យាល័យ​អន្ត​រជាតិ​។ បន្ទាប់​មក​ទៀត​ លោក​លា​ឈប់​ពី​កន្លែង​ចាស់​ មក​​ចូល​បម្រើការ​ជា​​អ្នក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​ បញ្ញា​សាស្ត្រ​ និង​ចុង​ក្រោយ​ នៅ​ឆ្នាំ​២០០៤​ធ្វើជា​​​ព្រឹទ្ធបុរស​ Associate Professional។ ស្នាដៃ​​ចុង​ក្រោយ​របស់​លោក​គឺ​បាន​បង្កើត​ មហាវិទ្យាល័យ​សុខភាព​សាធារណៈ នៅ​ក្នុង​សាកលវិទ្យាល័យ​កម្ពុជា ។
បើក​សាលា​បង្រៀន​ ព្រោះ​ចង់​អភិវឌ្ឍ​​ចំណេះ​ដឹង​ពិត​ប្រាកដ​ដល់​យុវជន​កម្ពុជា
ក្រោយ​ធ្វើការ​ជា​ច្រើន​កន្លែង​ លោក​នៅ​តែ​មាន​អារម្មណ៍​ថា​ នៅ​កម្ពុជា​​មិន​ទាន់​មាន​នៅ​ឡើយ​សាលា​ដែល​មាន​ស្តង់ដារ​បែប​អាមេរិក។ ម្យ៉ាង​ទៀត​លោក​យល់​ថា​ ដើម្បី​អភិវឌ្ឍ​ជាតិ​បាន​ចាំបាច់​ត្រូវ​តែ​​លើក​​កម្ពស់​​​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​ ។ នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០០៥ លោក​ក៏​​ចាប់​ផ្ដើម​បង្កើត​​​​​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកកាំង​ ជា​សាលា​មួយ​មាន​ប្រព័ន្ធ​អប់រំ​ច្បាស់លាស់ តាម​បែប​អាមេរិក និង​​ផ្ដោត​សំខាន់​លើ​ការ​ថែទាំ​សុខភាព​របស់​សិស្ស​​ ខណៈ​ដែល​ពេល​នោះ​មាន​សាលា​ឯកជន​ជាង​២២​កំពុង​ឈរ​​លើ​ទីផ្សារ​។
ដើមទុន​ចេញ​ពី​ការ​ប្រមូល​ផ្ដុំ​
ចាប់​ផ្ដើម​ដំបូង​លោក​គិត​ថា ប្រើប្រាស់​ដើម​ទុន​ត្រឹម​២​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពី​ការ​ចាប់​ជួប​ប្រទះ​ការ​ខ្វះខាត​ លោក​ក៏​បាន​ចាប់ផ្ដើម​ខ្ចី​ដើម​ទុន ពី​បងប្អូន​ទាំង​ខាង​ប្រពន្ធ និង​បងប្អូន​នៅ​ក្រៅ​ប្រទេស​ រហូត​ដល់​ដើម​ទុន​បាន​កើន​ឡើង​១០​ម៉ឺន​ដុល្លារ។
ធ្វើ​បុណ្យ​ច្រើន បុណ្យ​ជួយ
សាលា​របស់​លោក​បាន​កើត​ជា​រូបរាង​មែន ប៉ុន្តែ​មិនទាន់​មាន​កម្លាំង​បម្រើ​ការ​គ្រប់គ្រាន់​នៅ​ឡើយ​។ ក្រោយ​ការ​បើក​មិន​ដល់​មួយ​ខែ​ផង ​ស្រាប់​តែ​មាន​យុវជន​​ជិត​២០​នាក់​ជា​និស្សិត​ បាន​ចូល​មក​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត ដោយ​បាន​ធ្វើការ​ងារ​ជា​ច្រើន​ ​តាំង​ពី​ជួយ​ចង​​បដា​​​តាម​ដង​ផ្លូវ ចែក​ខិត​ប័ណ្ណ និង​ជួយ​ការ​ងារ​ក្នុង​​សាលា​ជា​ដើម ដោយ​មិន​យក​ប្រាក់​កម្រៃ​ឡើយ​។
២​ឆ្នាំ​ សិស្ស​កើន​ពី​៥​នាក់ ដល់​១​ម៉ឺន​នាក់ ​ជា​ចំនួន​មិន​គួរ​ឲ្យ​ជឿ
ចម្លោះ​​​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០០៧​ ដោយសារ​តែ​​ទឹក​ដម និង​ការ​ពន្យល់​ដល់​សិស្ស​ពេល​ធ្វើ​បទសម្ភាសន៍​មុន​ចូលរៀន​ ពិសេស​ការ​បង្រៀន​ប្រកប​ដោយ​ក្រមសីលធម៌ និង​ចំ​គោលដៅ​ សាលា​របស់​លោក​មុន​ដំបូង​ទទួល​បាន​សិស្ស​ប្រមាណ​ចំនួន​៥​នាក់ និង​បន្ទាប់​មក​​កើន​ដល់​១០​នាក់។​ ប៉ុន្តែ​ចំនួន​ហាក់​បាន​ហក់​ឡើង​យ៉ាង​គំហុក​ ត្រឹម​រយៈ​ពេល​២​ឆ្នាំ​សោះ បាន​កើត​ឡើង​រហូត​ដល់​១​ម៉ឺន​នាក់​ ដែល​បាន​ឆ្លុះបញ្ចាំង​​ពី​ភាព​ជោគជ័យ​​​ស្ទើរ​នឹក​ស្មាន​មិន​ដល់​ ។
បច្ចុប្បន្ន​ភាព​
លោក​ គួច​ ម៉េងលី មាន​ងារ​ពេញ​ជា​ ឯកឧត្ដម ឧកញ៉ា វេជ្ជបណ្ឌិត​ គួច​ ម៉េងលី។ សព្វ​ថ្ងៃ​លោក​មាន​​អាយុ​៤៤​ឆ្នាំ បាន​រៀប​អាពាហ៍ពិពាហ៍​ នៅ​ខែ​មិនា​ ឆ្នាំ​២០០៤ ដោយ​ភរិយា​ឈ្មោះ អ៊ឹង លីហុង មាន​​បុត្រ​២​នាក់​។ សព្វ​ថ្ងៃ​លោក​មាន​ក្រុមហ៊ុន​ចំនួន​១ ឈ្មោះ​ម៉េងលី ជេគួច Education ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន២ គឺ វិទ្យាស្ថាន​អន្តរទ្វីប អាមេរិកាំង (American Intercon Institute) និង​សាលារៀន​អន្តរទ្វីប អាមេរិកាំង  (American Intercon School) និង​ក្រុមហ៊ុន​សេវា​ចំនួន​៦​ទៀត​ Intercon Transportation Services, Mengly J. Quach Student Health Center, Smart Mart, Intercon Supply and Bookstore, Café Chateau, និង In & Out Food Court and Intercon Estate Development។
បទពិសោធន៍​ជីវិត
ធ្វើ​ល្អ​បាន​ល្អ លោក​ជា​មនុស្ស​ម្នាក់​ដែល​បាន​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់​ តាំង​ពី​វ័យ​កុមារ ជា​ក្មេង​ដែល​រស់នៅ​ក្នុង​ភាព​វ័យ​ខ្លាច​ និង​រសាត់អណ្ដែត ប៉ុន្តែ​ដោយសារ​ឪពុកម្ដាយលោក​ជា​អ្នក​ធ្វើ​បុណ្យ​ធ្វើ​ទាន​តាំង​ពី​សម័យ​មុន​ ដូច្នេះ​រាល់​ឧបសគ្គ​ បាន​រសាត់​អស់ ហើយ​គ្រួសារ​លោក​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ជួយ​យក​អាសា ផ្ដល់​ឱកាស​​ឲ្យ​ជានិច្ច​។
ប្រសាសន៍​លោក​គួច​ ម៉េងលី៖ “សូម្បី​សព្វថ្ងៃ​នេះ​ ខ្ញុំ​ជោគជ័យ​ក៏​ដោយ​ ខ្ញុំ​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​​គំនិត​ជា​គ្រូពេទ្យ​​ជានិច្ច​ ចាប់​តាំង​ពី​ខ្ញុំ​រៀន​ចប់​វេជ្ជបណ្ឌិត​នៅ​ប្រទេស​អាមេរិក​មក។ ខ្ញុំ​មិន​ដែល​រក​ចំណូល​បាន​​មួយ​កាក់​​មួយ​សេន​ឡើយ​ ព្រោះ​ខ្ញុំ​មាន​ទឹក​ចិត្ត​អាណិត​ដល់​អ្នក​ក្រីក្រ​ សូម្បី​​​ពេល​ទំនេរ​ចេញ​ទៅ​ណា​មក​ណា ខ្ញុំ​តែងតែ​បើក​ឡាន​ទៅ​តាម​ផ្លូវ​តូច​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល។ ពេល​​ខ្ញុំ​បាន​ជួប​ជន​ក្រីក្រ ឬ​ខ្វះ​ខាត ខ្ញុំ​ប្រឹងប្រែង​ជួយ​ឲ្យ​អស់​លទ្ធភាព ជា​ថ្នាំ​សង្កូវ ជា​ចំណី​អាហារ និង​មាន​ចាស់​ៗនៅ​​ផ្ទះ​លំបាក​ទ្រុឌទ្រោម​ខ្លាំង​ ខ្ញុំ​ជួយ​ជួសជុល និង​ឬ​សាងសង់​ផ្ទះ​ឲ្យ​តែ​ម្ដង​ ក៏​មាន​ដែរ​។
ហើយ​ខ្ញុំ​បាន​ចូលរួម​សកម្មភាព​សង្គម​ជា​ច្រើន ជាមួយ​អង្គការ​ដៃគូ​ផ្សេងៗ ដែល​សរុប​មក​ទល់​ពេល​នេះ ​ខ្ញុំ​បាន​ចំណាយ​សរុប​ជាង​១លាន​ដុល្លារ​ហើយ ហើយ​ខ្ញុំ​នៅ​តែ​បន្ត​​សកម្មភាព​នេះ​ទៀត​។
ការ​ផ្ដាំផ្ញើ
“មនុស្ស​គ្រប់រូប​គឺ​មាន​តម្លៃ” សម្រាប់​លោក​ គួច​ ម៉េង​លី។ ការ​ដាក់​ខ្លួន​ជា​រឿង​សំខាន់​ ទោះ​រៀន​បាន​ថ្នាក់​ណា​ ឬ​ធ្វើការ​ធំ​យ៉ាងណា​ក៏​ដោយ ក៏​មិន​ត្រូវ​មើល​ងាយ​អ្នក​ក្រីក្រ​ដែរ​ ​ប្រៀប​ដូច​កន្លែង​ធ្វើការ​មួយ​បើសិនជា​គ្មាន​អ្នក​ធ្វើ​អនាម័យ​ មាន​តែ​អ្នកមាន​​ឋានៈ​ខ្ពស់​ទាំងអស់​​គ្នា​នោះ​ កន្លែងនោះ​​ច្បាស់​មាន​បរិស្ថាន​មិន​​ស្អាត​នោះ​ទេ និង​កន្លែង​មួយ​បើសិនជា​គ្មាន​អ្នក​ចេះ​ដឹង​ មក​ដឹកនាំ​ទេ មិន​ឆ្ពោះ​មុខ​បាន​នោះ​ដែរ។
ដូច្នេះ​ចូរ​ឲ្យ​តម្លៃ​ទៅ​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន។​ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​តម្លៃ ដូចនេះ​ហើយ​ទើប​សូម​ជៀសវាង​ការ​មើលងាយ រើសអើង​មនុស្ស​ ហើយ​មុន​ជេរ​នរណា​ម្នាក់ ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​វា​ជា​ការ​ពិត​ដែរ ​ឬ​ទេ? តើ​វា​បាន​ផល​អ្វី​មក​យើង តើ​ពាក្យ​របស់​យើង​ប៉ុន្មាន​ម៉ាត់​​នោះ​នឹង​ប៉ះពាល់​អនាគត​អ្នក​នោះ​​ដែរ ​ឬ​ទេ ? សង្គម​ខ្មែរ​តូច​ណាស់​ បើសិនជា​​មនុស្ស​ម្នាក់​ត្រូវ​បាន​ជាន់​ឈ្លី​ហើយ​ មិន​អាច​ងើប​រួច​នោះ​ទេ ។
សរុប​មក​វិញ​ ធ្វើ​ជា​មនុស្ស​ត្រូវ​ចេះ​ផ្ដល់​ឱកាស ចេះ​ដាក់​ខ្លួន ចេះ​អត់ធ្មត់ មាន​មេត្តា​ធម៌ និង​អប់រំ​ដោយ​ចិត្ត​សន្ដោស​។ ដរាប​ណា​យើង​ផ្ដល់​ឱកាស​ឲ្យ​គេ ​ពេល​នោះ​គេ​នៅ​តែ​មាន​ឱកាស​ក្នុង​ការ​​កែប្រែ​​បាន​​ដូចគ្នា​។
ដើម​ទុន​រកស៊ី​ចេញ​ពី​ការ​ប្រមូល​ផ្ដុំ
យុវជន​ជា​ច្រើន​ តែងតែ​រអ៊ូរទាំ​ថា គ្មាន​ដើម​ ឬ​ដើម​ទុន​តិច​ មិន​អាច​រកស៊ី​បាន ចាំ​បាន​ដើម​ទុន​ច្រើន​ចាំ​រកស៊ី។ ចំពោះ​លោក ​គួច ​មេង​លី ដែល​ធ្លាប់​ខ្ចី​លុយ​បងប្អូន​បើក​សាលា​នោះ​យល់​ថា បើ​រង់ចាំ​ដល់​មាន​លុយ​គ្រប់​ចំនួន​ ចាំ​ចាប់​រកស៊ី​នោះ​ គឺ​មិន​ដឹង​ថ្ងៃ​ណា​នោះ​ទេ ​ព្រោះ​ការ​សន្សំ​មិន​ចេះ​គ្រប់​ទេ ហើយ​ក្នុង​ការ​រកស៊ី​ ជៀស​ការ​​ខ្ចីបុល​ក៏​មិន​រួច​ដែរ ដូច្នេះ​មិន​បាច់​រង់ចាំ​រហូត​ដល់​គ្រប់​នោះ​ទេ សំខាន់​ត្រូវ​ចេះ​ប្រមូល​ផ្ដុំ​ទុន ​និង​ស្មោះត្រង់​សង​ត្រលប់​ទៅ​ម្ចាស់​គេ​វិញ​គ្រប់​ចំនួន ពេល​នោះ​អ្នក​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​បើក​អាជីវកម្ម​មួយ បាន​ដោយ​ជោគជ័យ៕

Source : sabay

ផ្ញើ​CVហើយ​ ត្រូវ​ធ្វើ​បែប​ណា?

បន្ទាប់​ពី​ផ្ញើ​CV ហើយ​នៅ​ទន្ទឹង​រង់​ចាំ​គេ​ហៅ​សម្ភាសន៍​ដោយ​គ្មាន​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​សោះ។ នេះ​ជា​កំហុស​ឆ្គង​មួយ​ ដែល​គ្រប់​បេក្ខជន​ទាំង​អស់​គួរ​ជៀសវាង។និយោជក​ភាគ​ច្រើន​តែង​និយាយ​ថា ​ចង់​សម្ភាសន៍​បេក្ខជន​ណា ដែល​បាន​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​ជា​ប្រចាំ។ បន្ទាប់​ពី​ដាក់​CVហើយ ការ​រក្សា​ទំនាក់ទំនង​អាច​ជួយ​ឲ្យ​ឈ្មោះ​របស់​យើង​​មាន​នៅ​ក្នុង​ចិត្ត​របស់​និយោជក ដូច្នេះ​យុវវ័យ​អាច​ជា​ជម្រើស​ទី​មួយ​ដែល​ត្រូវ​បាន​ហៅ​មក​ធ្វើ​បទសម្ភាសន៍។ ដូច្នេះ​បន្ទាប់​ពី​ដាក់​CVហើយ ដើម្បី​ឲ្យ​បាន​ចូល​រួម​សម្ភាសន៍​ បេក្ខជន​ទាំង​អស់​ គួរ​រក្សា​ទំនាក់ទំនង​ដូច​ខាង​ក្រោម៖
១. បន្ទាប់​ពី​ដាក់​CV ហើយ ត្រូវ​ចាំ​រហូត​ដល់​ពេល​សមរម្យ​មួយ​ ទើប​ផ្ញើ​អ៊ីមែល​ទៅ​បញ្ជាក់​បន្ថែម​ ថា​តើ​ក្រុម​ហ៊ុន​បាន​ទទួល​CVហើយ​ឬ​នៅ?
២. អាច​ចុច​ទូរស័ព្ទ​ទៅ​បុគ្គល​ដែល​ជា​អ្នក​សម្ភាសន៍​ តែ​កុំ​ភ្លេច​ ត្រូវ​រៀបចំ​ខ្លួន​ជា​ស្រេច ​ហៅ​ទូរស័ព្ទ​ដោយ​ប្រើ​ឈ្មោះ​បុគ្គល​នោះ​ឲ្យ​បាន​ច្បាស់។
៣. ពេល​ផ្ញើ​អ៊ីមែល​ឬ​ចុច​ទូរស័ព្ទ ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​គោល​បំណង​របស់​ខ្លួន ហើយ​ប្រាប់​ពី​ឈ្មោះ និង​មុខ​តំណែង​ដែល​បាន​ស្នើសុំ។ ម្យ៉ាង​ទៀត​ កុំ​ភ្លេច​សួរ​គេ ពី​កាល​បរិច្ឆេទ​នៃ​ថ្ងៃ​សម្ភាសន៍។
៤. ជៀសវាង​ផ្ញើ​ការ​ទាក់ទង​តាម​រយៈ​បុគ្គល​ដែល​ពុំ​ពាក់ព័ន្ធ។
៥. ប្រសិន​បើ​ ក្រុមហ៊ុន​ផ្ដល់​ចម្លើយ​ថា​មិន​ទាន់​ច្បាស់ អ្នក​ចាំបាច់​ត្រូវ​ធ្វើ​ការ​ទាក់ទង​នៅ​ពេល​បន្ទាប់​ទៀត។
៦. ក្នុង​ករណី​ដែល​ទូរស័ព្ទ​ពុំ​មាន​អ្នក​លើក សូម​កុំ​ចុច​ទៅ​ទៀត ត្រូវ​ចាំ​ឱកាស​ក្រោយ។ ត្រូវ​ច្បាស់​ថា​ការ​សន្ទនា​របស់​អ្នក​មាន​រយៈ​ពេល​ខ្លី​សម​គួរ​ ដើម្បី​ជៀសវាង​នូវ​ការ​រំខាន​ ។

ជំហាន​ចាំបាច់​ក្នុង​ការ​ដាក់​ឈ្មោះ​អាជីវកម្ម​

​ក្នុង​ការ​​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​ទទួល​ជោគជ័យ​ទៅ​បាន​ ការ​​ជ្រើសរើស​ឈ្មោះ​​​ឲ្យ​បាន​ត្រឹមត្រូវ​​​គឺ​ជា​ជំហាន​​មួយ​ដ៏​ចាំបាច់​​​ក្នុង​​ចំណោម​ជំហាន​​​ចាំបាច់ជា​ច្រើន​​ទៀត។ ​បើ​ទោះ​​ជា​អ្នក​​​មាន​គម្រោង​ផែនការ​ច្បាស់លាស់ ​​មាន​ថវិកា​គ្រប់គ្រាន់ និង​ទីតាំង​ជំនួញ​ល្អ​យ៉ាង​ណា​ក៏​ដោយ​ ប្រសិន​​បើ​​អ្នក​ជ្រើសរើស​ឈ្មោះ​មុខ​ជំនួញ​ដោយ​មិន​ប្រុងប្រយ័ត្ន​នោះ​ វា​នឹង​​អាច​ជះ​ឥទ្ធិពល​​ជា​អវិជ្ជមាន​​ដល់​ជំនួញ​​ថ្មីថ្មោង​របស់​អ្នក​ជាក់ជា​មិនខាន។ ​​ដោយ​ហេតុ​នេះ​ Sabay ​បាន​ដកស្រង់​គន្លឹះ​​មួយ​ចំនួន​ដែល​អាច​ជួយ​ដល់​អ្នក​ក្នុង​ការ​ដាក់​ឈ្មោះ​អាជីវកម្ម​នេះ។
១. ​ប្រមូល​ផ្ដុំ​​អ្នក​ពាក់ព័ន្ធ ​និង​សម្ភារៈ
ជំហាន​ដំបូង​ក្នុង​ការ​​ដាក់​ឈ្មោះ​អាជីវកម្ម​​ អ្នក​ត្រូវ​រក​មនុស្ស​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ដែល​ចង់​បើក​យ៉ាង​ហោច​ណាស់​ ៥​ នាក់។ ​ចំនួន​ចាប់​ពី​ ៥ នាក់​ដល់​ ៨ ​នាក់​ជា​ចំនួន​ដ៏​ត្រឹមត្រូវ។ ​​​បើ​សិន​ជា​អាច​គួរ​រក​អ្នក​ដែល​ចេះ​ច្រើន​ភាសា។ ​ក្រៅ​ពី​នេះ​អ្នក​គួរ​មាន​សម្ភារៈ​មួយ​ចំនួន​ដូចជា​ ប៊ិច ​ក្រដាស ​និង​ក្ដារ​ខៀន​សម្រាប់​​ការ​ងារ​នេះ។
២. ​ផ្ដល់​បរិបទ
ជំហាន​បន្ទាប់​នេះ ​អ្នក​ត្រូវ​​ផ្ដល់​បរិបទ​មួយ​ពាក់ព័ន្ធ​នឹង​ជំនួញ​ដល់​​អ្នក​ចូលរួម។ ​ឧទាហរណ៍​ថា ​អ្នក​ផ្ដល់​បរិបទ​ជំនួញ​របស់​អ្នក​​​ជា​ “​អាហារដ្ឋាន” ​ដូច្នេះ​​អ្នក​អាច​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់​និយាយ​ចេញ​នូវ​ពាក្យ​​ទាំង​ឡាយ​ដែល​ពួកគេ​គិត​ដល់​ពាក់ព័ន្ធ​នឹង​បរិបទ​នេះ។ ​ចម្លើយ​ដែល​អ្នក​នឹងទទួល​បាន​​​​អាច​ជា​ឈ្មោះ​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ ​​​កាហ្វេ​ មុខ​ម្ហូប​ ភេសជ្ជៈ ​​។ល។ ​​នៅ​ពេល​ដែល​អ្នក​ចូលរួម​ស្រែក​ឡើង​នូវ​គំនិត​របស់​ពួកគេ​ ចូរ​សរសេរ​ពាក្យ​ទាំង​នោះ​​​នៅ​លើ​​ក្ដារ​ខៀន។ ​បន្ទាប់​ពី​អ្នក​ចូលរួម​ស្រែក​ចេញ​នូវ​គំនិត​ទាំង​អស់​ សរសេរ​លើ​ក្ដារ​ខៀន​ហើយ អ្នក​អាច​ចូល​ទៅ​​ជំហាន​បន្ទាប់​ទៀត​គឺ
​៣. ​សរសេរ​គំនិត​រៀងៗ​ខ្លួន
​នៅ​ក្នុង​ជំហាន​ទី ៣​នេះ ​អ្នក​ត្រូវ​ចែក​ក្រដាស​ និង​ប៊ិច​ដល់​អ្នក​ចូលរួម​ទាំង​អស់។ ​បន្ទាប់​ពី​នោះ​ ត្រូវ​ឲ្យ​ពួក​គេ​សរសេរ​ឈ្មោះ​ដែល​គេ​គិត​ថា ​សក្ដិសម​​នឹង​អាជីវកម្ម​របស់​អ្នក​ ចំនួន​​១០​ ឈ្មោះ​ ​ក្នុង​ម្នាក់​ ​ហើយ​​​រយៈ​ពេល​​​ពេល​ដែលត្រូវ​ប្រើ​ក្នុង​វគ្គ​នេះ​គឺ ១០ ​នាទី។ ​អ្នក​ចូលរួម​ទាំង​អស់​អាច​មើល​ពាក្យ​ដែល​សរសេរ​នៅលើ​ក្ដារខៀន​កាល​ពី​វគ្គ​មុន​ដើម្បី​ជា​ជំនួយ​បាន។
៤. ​រក​ឈ្មោះ​បន្ថែម​ទៀត
​បន្ទាប់​ពី​ការ​រក​ឈ្មោះ​ ១០ ​នាទី​បាន​បញ្ចប់​ហើយ។ ​អ្នក​​ត្រូវ​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់​ព្យាយាម​រក​ឈ្មោះ​ឲ្យ​បាន​ ៥ ​បន្ថែម​ទៀត​​ដោយ​ផ្ដល់​ពេល​ ៥ ​នាទី​ទៀត។
៥. ​ប្រមូល​ និង​ជ្រើសរើស
​ក្រោយ​សកម្មភាព​ខាង​លើ​បាន​បញ្ចប់។ ​អ្នក​ត្រូវ​ផ្ដល់​ពេល​វេលា​បន្ថែម​​ដល់​អ្នក​ចូលរួម​នីមួយ​ៗ​ ជ្រើស​រើស​ឈ្មោះ​ដែល​ពួកគេ​ពេញ​ចិត្ត​បំផុត​ចំនួន ៥​​ ​ក្នុង​ចំណោម​ឈ្មោះ​ទាំង​ ​១៥ ​ដែល​ពួកគេ​នឹក​រក​ដោយ​ខ្លួន​ឯង។ ​​បន្ទាប់​មក​អ្នក​ត្រូវ​ឲ្យ​អ្នក​ចូល​រួម​នីមួយ​ៗ​ ​ឡើង​ទៅ​សរសេរ​ឈ្មោះ​ចំនួន​ ៥ ​ដែល​គេ​ពេញ​ចិត្ត​នៅ​លើ​ក្ដារខៀន។ ​​ក្រោយ​ពេល​ដែល​​ពួកគេ​សរសេរ​​គ្រប់​គ្នា​ហើយ ​អ្នក​ត្រូវ​​ឲ្យ​​ពួកគេ​​៥​ នាទី​ម្នាក់​ទៀត​​ ដើម្បី​​​បោះឆ្នោត​ជ្រើស​យក​ឈ្មោះ​ដែល​ពួកគេ​ចូលចិត្ត​ចំនួន​ ៣ ​ក្នុង​ចំណោម​ឈ្មោះ​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នោះ។ ​បន្ទាប់​ពី​បោះ​ឆ្នោត​ហើយ ​​អ្នក​អាច​ជ្រើស​យក​ឈ្មោះ​ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​មក​ពិចារណា​ជា​ឈ្មោះ​ អាជីវកម្ម​ថ្មី​បាន។
​ក្រៅ​ពី​ជំហាន​ទាំង ​៥ ​ដែល​បាន​រៀបរាប់​ខាង​លើ ​​អ្នក​ត្រូវ​​​ប្រាកដ​​ថា ​ឈ្មោះ​អាជីវកម្ម​ថ្មី​របស់​អ្នក​ត្រូវ​ ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រកប ​​អាច​បញ្ចេញ​សំឡេង​បាន​ដោយ​ងាយ ​​មាន​ភាព​​ច្បាស់លាស់ ​និង​មិន​មាន​ការ​គ្រលាស់ ​ឬ​អត្ថន័យ​ជា​អវិជ្ជមាន។

Source : sabay

នៅ​ពី​ក្រោយ​ជោគជ័យ​​ ១០០​លាន​ដុល្លារ​របស់យុវតី​វ័យ ២៣​​ឆ្នាំ​

កាល​ពី​ពីរ​ឆ្នាំ​មុន​ Catherine Cook ​បាន​លក់​គេហទំព័រ​ MyYearbook.com ​(ឥឡូវ ​ឈ្មោះ​ MeetMe) ​ដែល​នាង​​បង្កើត​កាល​នៅ​រៀន​វិទ្យាល័យ​ក្នុង​តម្លៃ​ដ៏​ក្រាស់ក្រែល​គឺ ១០០ ​លាន​ដុល្លារ ខណៈ​នាង​មាន​អាយុ​ត្រឹម​ ២១ ឆ្នាំ​ប៉ុណ្ណោះ។ ​នៅ​ពេល​នោះ​​ គេហទំព័រ​នេះ​ មាន​អ្នក​មើល​ទូទាំង​ពិភពលោក ៣២,៧ ​លាន​នាក់។
Catherine Cook ដែល​លក់​ក្រុមហ៊ុន​បាន ១០០ ​លាន​ដុល្លារ​កាល​​វ័យ ២១ ឆ្នាំ
​មុន​នឹង​ទទួល​បាន​ជោគជ័យ​បែប​នេះ​ នាង​ត្រូវ​ឆ្លង​កាត់​បទពិសោធន៍​ជូរចត់​ជា​ច្រើន​ក្នុង​ជីវិត ដូចជា​​ត្រូវ​មិត្ត​រួម​ថ្នាក់ ​​និយាយ​ឌឺដង​ដល់​នាង​ពី​មហិច្ឆតា​ដ៏​ធំ​របស់​នាង​ជាដើម។ ​ទោះ​ជា​យ៉ាង​ណា​​ នាង​នៅ​តែ​អាច​ជម្នះ​ភាព​ភ័យខ្លាច​ទាំងឡាយ​បាន​រហូត​ទទួល​បាន​ជោគជ័យ។ ​​ស្ត្រី​ដ៏​ជោគជ័យ​ដែល​ទើប​មាន​វ័យ ២៣ ​ឆ្នាំ​រូប​នេះ​ បាន​លើក​យក​​បទ​ពិសោធន៍​ដ៏​សំខាន់​ចំនួន​ ៤ ​​ដែល​ជួយ​ឲ្យ​នាង​ជោគជ័យ។ ចំណុច​ទាំង​បួន​នោះ​មាន៖
១. ស្វែង​រក​បុគ្គល​គំរូ​សម្រាប់​ខ្លួន​អ្នក
​នៅ​ពេល​ដែល​នាង​មាន​អាយុ ១១ ឆ្នាំ​ នាង​បាន​យក​បងប្រុស​របស់​នាង​ធ្វើ​ជា​បុគ្គល​គំរូ ដែល​កាលណោះ​បងប្រុស​របស់​នាង​លក់​ក្រុមហ៊ុន​របស់​ខ្លួន​បាន​រាប់​លាន​ដុល្លារ​ត្រឹម​អាយុ ២៤ ​ឆ្នាំ​ប៉ុណ្ណោះ។ ​សម្រាប់​នាង​ ​ការ​មើល​ពី​ការ​បង្កើត​ក្រុមហ៊ុន​របស់​​បងប្រុស​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ផ្ដល់​ជា​ត្រីវិស័យ​សម្រាប់​នាង​ណាស់។ ​ណាមួយ​ ​នាង​គិត​ថា​ បុគ្គល​គំរូ​នឹង​ជំរុញ​ចិត្ត​របស់​យើង​ឲ្យ​ចង់​ឈាន​ទៅ​រក​ជោគជ័យ​ដូចគ្នា។

២. ​ហ៊ាន​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា
​សហគ្រិន​មិន​មែន​ជា​មនុស្ស​ដែល​ហ៊ាន​ប្រថុយ​នឹង​ភាព​ប្រឈម​ដ៏​គ្រោះថ្នាក់​បំផុត​នោះ​ទេ ​ប៉ុន្តែ​ពួកគេ​ដឹង​ថា ​​តើ​គួរ​ធ្វើ​អ្វី​ដើម្បី​តទល់​នឹង​ភាព​មិន​ប្រាកដប្រជា​នោះ។ ​នាង​បញ្ជាក់​ថា ៖ “អ្វី​ដែល​ធ្វើ​ឲ្យ​សហគ្រិន​​ឈាន​ដល់​ចំណុច​ជោគជ័យ ​គឺ​ពួកគេ​ជំរុញ​ខ្លួន​ឯង​​ឲ្យ​រស់នៅ និង​ប្រឈម​នឹង​ភាព​ប្រថុយប្រថាន​ទាំង​ឡាយ”។
៣.​ សរសេរ​ពី​ឧបសគ្គ​ដែល​ឆ្លង​កាត់ ​និង​រៀន​ស្វែង​យល់​ពី​វា
​Cook ​សារភាព​ថា ​​នាង​មិន​សម​ទៅ​នឹង​ភាព​ភ័យ​ខ្លាច ​និង​ភាព​មិន​ប្រាកដប្រជា​ឡើយ។ ​ការ​ដែល​នាង​និយាយ​បែប​នេះ​​ ព្រោះ​មិន​ថា ​អ្នក​ជោគជ័យ​ប៉ុណ្ណា​ទេ ​ការ​ប្រឈម ​និង​ភាព​មិន​ប្រាកដប្រជា​​តែ​ង​កើត​មាន​ជានិច្ច​ព្រោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ខុសៗ​គ្នា។ ​​នាង​គូស​បញ្ជាក់​ដូច្នេះ ៖ “ការ​ភ័យ​ខ្លាច​បរាជ័យ និង​រឿង​ដែល​យើង​សូវ​​ស្គាល់​ច្បាស់ តែ​ង​កើត​មាន​ចំពោះ​មុខ​យើង​​ជា​និច្ច”។
សម្រាប់​នាង​ គន្លឹះ​ក្នុង​ការ​លុប​បំបាត់​ការ​ភ័យខ្លាច​​គឺ ​កត់ត្រា​ពី​ឧបសគ្គ​ដែល​នាង​ឆ្លងកាត់​ក្នុង​កូន​សៀវភៅ​មួយ​ និង​រិះរក​វិធីសាស្ត្រ​ដោះស្រាយ​ពី​​ពេលមួយ​ទៅ​ពេលមួយ​។ ​​
ការ​កត់ត្រា​លើ​ក្រដាស​អាច​ឲ្យ​នាង​មើល​ឃើញ​ច្បាស់​ជាង​ការ​គិត​ បន្ទាប់​មក​នាង​នឹង​ធ្វើ​ជា​បញ្ជី​ ​និង​គម្រោង​ដើម្បី​ដោះស្រាយ។ ​​ជា​រៀងរាល់​ព្រឹក​នាង​​ សរសេរ​​ចំណុច​ពី ៣ ​ទៅ ៥ ​ដែល​នាង​ត្រូវ​ធ្វើ​​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​យប់​នាង​ផ្ទៀងផ្ទាត់​ថា ​បាន​សម្រេច​ចំណុច​ទាំង​នោះ​ទេ។ ​​​​ក្រៅ​ពី​នេះ​ ​នាង​ក៏​ស្វែង​យល់​ពី​យុទ្ធសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព ​និង​ចំណុច​ខ្វះខាត​ផង​ដែរ។

៤. ​នៅ​ជាមួយ​មនុស្ស​ដែល​ស្រលាញ់​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ
តាម​ការ​លើក​ឡើង​របស់ Cook ​ថ្នាំ​បន្សាប​ភាព​មិន​ប្រាកដប្រជា​ដ៏​ធំ​​គឺ​ ចំណាយ​ពេល​ជាមួយ​ក្រុម​មនុស្ស​ដែល​​គាំទ្រ​អ្នក។ ​​មនុស្ស​ទាំង​នេះ​​អាច​​ឲ្យ​អ្នក​និយាយ​​ជាមួយ​បាន​នៅ​ពេល​អ្នក​ជាប់​គាំង​លើ​រឿង​អ្វី​មួយ​ មិន​ដឹង​ត្រូវ​ធ្វើ​អ្វី ​ទោះ​ជា​អ្នក​ទាំង​នោះ​មិន​សូវ​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​ធ្វើ​ក៏​ដោយ។
“ធម្មតា​ និយាយ​ពី​ផល​លំបាក​ដែល​អ្នក​ជួប​ប្រទះ​ចេញ​មក​ក្រៅ​ឮៗ​​ ដល់​មនុស្ស​ដែល​មាន​ឥរិយាបថ​វិជ្ជមាន​ និង​ស្រលាញ់​អ្នក​​​ ពេល​ខ្លះ​គឺ​គ្រប់គ្រាន់​​ឲ្យ​អ្នក​ដោះស្រាយ​បញ្ហា​នោះ ​ឬ​យ៉ាង​ហោច​ណាស់​អាច​ឲ្យ​អ្នក​ឈរ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​បាន”។ ​Cook បង្ហើប​ឡើង​យ៉ាង​ដូច្នេះ។
​នាង​បន្ថែម​ថា ​បើ​ទោះ​ជា​ពាក្យ​ដែល​អ្នក​​ចាំ​គាំទ្រ​អ្នក​និយាយប្រាប់​ត្រឹម​ពាក្យ​ដ៏​ចាស់​គំរិល “ជីវិត​ត្រូវ​តស៊ូ” ​ដោយ​គ្មាន​ដំណោះស្រាយ​ជាក់លាក់​ទល់​នឹង​បញ្ហា​ក្ដី ​ក៏​វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ប្រសើរ​បាន​ដែរ។
សាកល្បង​យក​ចំណុច​ដែល​នាង​លើក​ឡើង​ ហើយ​ត្រូវ​នឹង​អ្នក​យក​ទៅ​អនុវត្ត​ល​មើល៎ថា ​អាច​ជួយ​ដល់​អ្នក​បាន​មែន​ឬ​អត់?

Source : sabay

៥ ជំហាន​​​ដើម្បី​អាច​​បើក​អាជីវកម្ម​ខ្លួន​ឯង​បាន

”ធ្វើការ​ឲ្យ​គេ​មិន​ដែល​មាន​​ទេ” ​នេះ​ជា​ប្រយោគ​មួយ​ដែល​តែង​ត្រូវ​លើក​យក​មក​និយាយ​ជា​រឿយៗ។​ ការ​​​​មាន​មុខ​របរ​​ អាជីវកម្ម​ ​ឬ​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ជា​​ក្ដី​​​ប្រាថ្នា​​ដែល​មនុស្ស​គ្រប់​រូប​ស្រមៃ​ចង់​បាន​ ​ព្រោះ​នៅ​ពេល​ដែល​មាន​អាជីវកម្ម​ខ្លួន​ឯង​ លោក​អ្នក​មិន​ខ្វល់​ពី​ត្រូវ​មេ​ស្ដី​បន្ទោស​ ​ឬ​ឲ្យ​គេ​កំណត់​ប្រាក់​កម្រៃ​ប្រចាំ​ខែ​របស់​អ្នក​ឡើយ។ ​​ស្រប​ពេល​ដែល​​​ការ​មាន​មុខរបរ​ផ្ទាល់​ត្រូវ​គេ​ចាត់​ទុក​ថា ​ជា​រឿង​ល្អ ​វា​ក៏​មាន​ចំណុច​អវិជ្ជមាន​ដែរ​គឺ​ថា ​បើ​មិន​មាន​គម្រោង​ផែន​ការ​ និង​បទពិសោធន៍​ច្បាស់​លាស់​ លោក​អ្នក​​ប្រាកដ​ជា​ខាត​ឡុងចុង​​អស់​ដើម​អស់​ចុង​មិនខាន។​​ ​​ហេតុ​ដូចនេះ​ Sabay សូម​លើក​យក​គន្លឹះ​ ៥ ​យ៉ាង​ដើម្បី​ជួយ​អ្នក​ឈាន​ទៅ​រក​ការ​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង។
១. ​​ធ្វើ​ការ​ឲ្យ​គេ​ដើម្បី​ទទួល​យក​បទ​ពិសោធន៍​ជាមុន
​ការ​ប្រឡូក​ខ្លួន​ក្នុង​ពិភព​ការងារ​ជា​ជំហាន​ដំបូង​ដើម្បី​ឆ្ពោះ​ទៅ​ការ​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន។ ​ជន​ល្បីៗ​ជាច្រើន​ក៏​ធ្លាប់​ធ្វើ​ការ​ឲ្យ​គេ​ក្នុង​រយៈពេល​ណាមួយ​ដែរ​ មុន​នឹង​ឈាន​ដល់​ការ​បើក​អាជីវកម្ម​​ ឬ​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន។ ​​ឧទាហរណ៍​មួយ​ ដែល​យើង​អាច​និយាយ​បាន​គឺ​ស្ថាបនិក​ក្រុមហ៊ុន​ Twitter លោក​​ ​Jack Dorsey ​​ដែល​បាន​ចំណាយ​ធ្វើ​ការ​ឲ្យ​គេ​រយៈពេល​ជា​ច្រើន​ឆ្នាំ​មុន​នឹង​សម្រេច​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន ​ហើយ​នៅ​ពេល​បើក​លើក​ដំបូង​ជួប​បរាជ័យ​ក៏​ត្រឡប់​មក​ធ្វើ​ការ​ឲ្យ​គេ​ដើម្បី​សន្សំ​ប្រាក់​​បង្កើត​ក្រុមហ៊ុន​ជា​ថ្មី។ ​ក្រៅ​ពី​បទពិសោធន៍​តើ​មាន​អ្វី​ទៀត​ដែល​សំខាន់​សម្រាប់​ការ​បើក​អាជីវកម្ម​ខ្លួន​ឯង?​​​​​​​
​២. ​ការ​បង្កើត​ក្រុម​ធ្វើ​ការ​ដ៏​ទុកចិត្ត​មួយ

​ធម្មតា​ ការងារ​មួយ​មិន​មែន​មនុស្ស​ពូកែ​ម្នាក់​អាច​ធ្វើ​បាន​ទេ​គឺ​ ត្រូវ​​ពឹង​ផ្អែក​​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ចន្លោះ​ខ្វះខាត។ ​​ជាក់​ស្ដែង​យើង​ អាច​លើក​យក​ក្រុមហ៊ុន​ទូរស័ព្ទ​យក្ស​របស់​កូរ៉េ Samsung ​មក​ធ្វើ​ជា​ឧទាហរណ៍​បាន។ ​​ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួល​ជោគជ័យ​ក្នុង​ចំណែក​ទីផ្សារ​ទូរស័ព្ទ​ពិភពលោក​បាន​សព្វ​ថ្ងៃ​គឺ ​ក្រុមហ៊ុន​មាន​ដៃ​គូ​ធ្វើការ​ជាមួយ​ដ៏​រឹង​មាំ ​ដូច​ជា​ក្រុមហ៊ុន​​ផលិត​ Software ​Hardware ​និង​ឌីហ្សាញ​រូបរាង​ជាដើម។ ​ដូច្នេះ​សម្រាប់​ខ្លួន​អ្នក​ក៏​ដូច​គ្នា​ បើ​ចង់​បើក​អ្វី​មួយ​ត្រូវ​បង្កើត​ក្រុម​ការងារ​ ឬ​សហការ​ដ៏​រឹង​មាំ​មួយ​ជា​មុន​សិន។
៣. ​ស្វែង​រក​ដំបូន្មាន​ពី​អ្នក​ជំនាញ

​បើ​ចង់​បើក​អ្វី​មួយ​ត្រូវ​​ស្វែង​រក​មតិ ​និង​ដំបូន្មាន​ពី​​មនុស្ស​ដែល​ធ្លាប់​ដើរ​ផ្លូវ​នោះ​មុន​យើង។ ​​​ព្យាយាម​​ទាក់ទង​សុំ​ពេល​វេលា​ពី​មនុស្ស​ដែល​មាន​គំនិត​​​ និង​ជំនាញ​ល្អ​ៗ​ពាក់ព័ន្ធ​​នឹង​មុខ​របរ​ដែល​អ្នក​ចង់​បើក​មក​អង្គុយ​ញ៉ាំ​អាហារ ​ឬ​កាហ្វេ​ដើម្បី​ជជែក​​ និង​ទទួល​យក​យោបល់​ល្អៗ។ ​​ការ​ពិភាក្សា​ជាមួយ​មិត្តភ័ក្ដិ​ ឬ​ក្រុម​គ្រួសារ​ក៏​ជា​ការ​ល្អ​សម្រាប់​ទទួល​យក​គំនិត​ថ្មីៗ​ ​ជា​ជាង​ការ​គិត​លើ​ខ្លួន​ឯង​តែ​ម៉្យាង។
​៤. ​​​ចាប់​ផ្ដើម​សរសេរ​គម្រោង​ផែនការ​លម្អិត
​ដូច​ Sabay ​ធ្លាប់​បាន​ចុះ​ផ្សាយ​នៅ​លេខ​មុនៗ​ហើយ​ថា ​ការ​សរសេរ​គម្រោង​ផែនការ ​ប្រៀប​បាន​នឹង​ការ​គូរ​​ផែនទី​​សម្រាប់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ។ ​​នៅ​ពេល​មាន​គម្រោង​អ្នក​អាច​ដឹង​ថា ​តើ​អ្វី​ដែល​អ្នក​មាន​​អ្វី​ដែល​មិន​ទាន់​មាន​​​សម្រាប់​ការ​ចាប់​ផ្ដើម​របស់​អ្នក។ ​លើស​ពី​នេះ​ ​​អ្នក​អាច​ព្យាករណ៍​ជា​មុន​ពី​ឧបសគ្គ​ដែល​នឹង​ត្រូវ​ជួប​​ ហើយ​ស្វែង​រក​ដំណោះស្រាយ​ដ៏​ល្អ។ ​បន្ទាប់​ពី​គម្រោង​ហើយ​ចំណុច​បន្ទាប់​គឺ
៥. ​សន្សំ​ប្រាក់
​ក្រោយ​ធ្វើ​គម្រោង​ផែនការ​ខាង​លើ​អ្នក​ប្រាកដ​ជា​អាច​ប៉ាន់​ប្រមាណ​ដឹង​ពី​ ​ដើម​ទុន​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ចាប់​ផ្ដើម​អាជីវកម្ម​ផ្ទាល់​ខ្លួន។ ​​​បើ​ថវិកា​មិន​ទាន់​អំណោយ​ផល​អ្នក​អាច​ ​កំណត់ពេល​វេលា​​​ដើម្បី​ធ្វើការ​សន្សំ​ប្រាក់​ឲ្យ​គ្រប់។ ​បន្ថែម​ពី​នេះ ​អ្នក​អាច​ស្វែង​រក​មិត្តភក្ដិ​ដែល​ចាប់​អារម្មណ៍​ចង់​បោះ​ទុន​ជា​មួយ​គ្នា​ ​ឬ​សុំ​ជំនួយ​ពី​គ្រួសារ (បើ​គ្រួសារ​របស់​អ្នក​មាន​សេដ្ឋកិច្ច​មាំទាំ)។​
នៅ​ពេល​ដែល​អ្នក​មាន​ចំណុច​ទាំង​អស់​នេះ​ហើយ​ នៅ​ចាំ​អី​ទៀត​​ ​វា​ជា​ពេល​ដែល​អ្នក​អាច​ផ្ដើម​អ្វី​មួយ​ដោយ​ខ្លួន​ឯង​ហើយ។ ​តែ​ត្រូវ​ចាំ​ថា ​​​ត្រូវ​គិត​ឲ្យ​បាន​ល្អិតល្អន់​ជាមុន​សិន​មុន​នឹង​ផ្ដើម​អ្វី​មួយ​ ពុំ​នោះ​ទេ ​អ្វី​ៗ​នឹង​ខុស​បំណង​ប្រៀប​ដូច​បាច​អំបិល​ក្នុង​ទឹក​ដូចគ្នា​ដែរ៕

៦​ជំហាន​ឈាន​ទៅ​បង្កើត​អាជីវកម្ម​ហាង​កាហ្វេ

មនុស្ស​ភាគច្រើន​តែង​មាន​ក្ដី​ស្រមៃ​ថា ​ចង់​មាន​អាជីវកម្ម​ខ្លួន​ឯង​ជាជាង​ការ​ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ។ ​ក្នុង​ចំណោម​អាជីវកម្ម​ជា​ច្រើន​ ​អាជីវកម្ម​ហាង​កាហ្វេ​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​​​ពី​សំណាក់​សហគ្រិន​​បច្ចុប្បន្ន។ ​​ហេតុ​ដូចនេះ​ Sabay ​សូម​លើក​យក​ចំ​ណុច​​មួយ​ចំនួន​ដែល​អាច​ជួយ​ដល់​ប្រិយមិត្ត​ជា​បច្ច័យ​ក្នុង​ការ​បើក​ដំណើរការ​អាជីវកម្ម​ប្រភេទ​នេះ។
១.​ កំណត់​​ប្រភេទ​ហាង​កាហ្វេ​ដែល​អ្នក​ចង់​បើក
កំណត់​ទំហំ​ទឹកប្រាក់​ដែល​អ្នក​មាន​លទ្ធភាព​បើក។ ​​សួរ​ខ្លួន​ឯង​ថា ​តើ​អ្នក​ចង់​សេង​ហេង​កាហ្វេ​ដែល​មាន​ស្រាប់ ​ទិញ​​ស្លាក​យីហោ (Brand) ​​ហាង​កាហ្វេ​ល្បី ​ឬ​ចង់​ចាប់​ផ្ដើម​ហាង​កាហ្វេ​​ថ្មី​សន្លាង​ដោយ​ខ្លួន​ផ្ទាល់? ​ទន្ទឹម​គ្នា​នេះ​ អ្នក​ក៏​ត្រូវ​គិត​ផង​ដែរ​ថា ​តើ​អ្នក​ចង់​ជួល​បុគ្គលិក​ ឬ​​ចាប់​ផ្ដើម​ធ្វើ​ជា​ថៅកែ និង​កូន​ឈ្នួល​ដោយ​ខ្លួន​ឯង​។
២. ​ស្វែងយល់​ពី​មុខ​ជំនួញ​នេះ​ជា​មុន
​អ្នក​អាច​សាកល្បង​​សុំ​​ធ្វើ​ការងារ​ជា​អ្នក​ឆុង​កាហ្វេ​ ​និង​ភេសជ្ជៈ​​​​នៅ​ហាង​កាហ្វេ​ជោគជ័យ​ណាមួយ​ដើម្បី​អាច​ឲ្យ​អ្នក​អាច​សិក្សា​ស្វែង​យល់​ពី​ ​របៀប​ឆុង​​កាហ្វេ​ ឬ​លាយ​ភេសជ្ជៈ​ដទៃ។ ​ស្រប​គ្នា​នេះ​ដែរ ​អ្នក​អាច​សង្កេត​មើល​ពី​​ដំណើរការ​អាជីវកម្ម​ទាំង​មូល ការ​​គ្រប់គ្រង​ និង​ស្រូប​ទាញ​​អតិថិជន​ពី​អ្នក​គ្រប់គ្រង​របស់​អ្នក។
៣. ​បង្កើត​គម្រោង​ផែនការ
​ចំណុច​ទី​ ៣ ​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ បង្កើត​គម្រោង​ផែនការ​អាជីវកម្ម​ដែល​បរិយាយ​ពី​តម្លៃ​​ជាវ​ផលិតផល​ ​បរិក្ខារ​ផលិត ​​ការ​ទិញ​អាជ្ញាប័ណ្ណ ​​និង​សម្ភារៈ​ប្រើប្រាស់​នានា​ដែល​អ្នក​ត្រូវ​ការ​ក្នុង​ការ​បង្កើត​​អាជីវកម្ម​នេះ។
៤. ​ជ្រើសរើស​ទីតាំង
​បន្ទាប់​ពី​សរសេរ​ផែនការ​ហើយ​ អ្នក​ត្រូវ​​កំណត់​ទីតាំង​ដែល​ចង់​បង្កើត​ជំនួញ។​ ​ទីតាំង​នៃ​ជំនួញ​ត្រូវ​ឲ្យ​សម​ទៅ​នឹង​ប្រភេទ​អតិថិជន​ដែល​អ្នក​ចង់​បាន។ ​​ទីតាំង​ដ៏​ល្អ​គួរ​ស្វែង​រក​កន្លែង​ដែល​សម្បូរ​មនុស្ស​ធ្វើ​ដំណើរ​ឆ្លងកាត់ ​​និង​មាន​កន្លែង​ចត​យានជំនិះ​ងាយស្រួល។
៥. ​ផ្សព្វផ្សាយ​
​ដើម្បី​ឲ្យ​អតិថិជន​របស់​អ្នក​បាន​ដឹង​ថា ​ពី​អាជីវកម្ម​ថ្មី​របស់​អ្នក​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ។ ​​ការ​ផ្សព្វផ្សាយ​​អាច​ធ្វើ​ឡើង​ក្រោម​រូបភាព​ផ្សេងៗ​គ្នា​ទៅ​តាម​ទំហំ​ថវិកា​របស់​អ្នក​​ដូចជា ​តាមរយៈ​កាសែត ​​ទស្សនាវដ្ដី ​វិទ្យុ ​ខិត្តប័ណ្ណ ​ឬ​បណ្ដាញ​សង្គម​ដូចជា ​Facebook Ads ​ជា​ដើម។ ​ស្រប​គ្នា​នេះ​ដែរ ​នៅ​ដំណាក់កាល​ដំបូង​​អ្នក​អាច​បង្កើត​ប្រូម៉ូសិន​ថ្មី​ៗ​ដូចជា​​ ញ៉ាំ ​៥ ​ដង​ ថែម​ជូន​ ១​ ដង​ដោយ​ឥត​គិត​ថ្លៃ ​ឬ​អាច​ជា​ការ​ផ្ដល់​ជូន​គូប៉ុង​ថ្លៃ​អាហារ ​ឬ​​ប័ណ្ណ​បញ្ចុះ​តម្លៃ​ជា​ដើម។
៦. ​ទំនាក់ទំនង​ជាមួយ​បណ្ដា​ក្រុមហ៊ុន​​នានា
ជំហាន​ដំបូង​ក្នុង​ការ​ជួយ​ឲ្យ​អាជីវកម្ម​កាហ្វេ​របស់​អ្នក​ដំណើរការ​គឺ ​ការ​បង្កើត​បណ្ដាញ​អតិថិជន។ ​​អ្នក​អាច​ទាក់ទង​​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​ណា​ដែល​ត្រូវ​ការ​កាហ្វេ​របស់​អ្នក។ ​អ្នក​អាច​ចរចា​​ជាមួយ​ក្រុមហ៊ុន​ទាំង​នោះ​ក្នុង​តម្លៃ​ពិសេស​ណាមួយ ​ឬ​ផ្ដល់​ជូន​សេវាកម្ម​ដឹក​យក​ដល់​កន្លែង​ជាដើម។


Source : sabay

ជំហាន​ចាំបាច់​ ពេល​ផ្ដើម​អាជីវកម្ម​ខ្នាត​តូច

ការ​ផ្ដើម​អាជីវកម្ម ខ្នាត​តូច​តម្រូវ​ឲ្យ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ​ការ​លើក​ទឹកចិត្ត ​និង​យល់ដឹង​ពី​ផ្លូវ​ (យុទ្ធសាស្ត្រ) ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្ពោះ​​​​រក​ភាព​ជោគជ័យ។ ខាង​ក្រោម​​នេះ​ ជា​គន្លឹះ​ខ្លីៗ​​ ​សម្រាប់​ប្រិយមិត្ត មិត្ត​យុវវ័យ​ ដែល​ចង់​​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង​​ ​​ដើម្បី​ជា​​​ទុន​គំនិត​​​​ ស្វែង​យល់​​​ ​​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ជួយ​​ឲ្យ​អាជីវកម្ម​ថ្មី​នោះ​ទទួល​ជោគជ័យ។
កំណត់​ឱកាស​មុខ​ជំនួញ​របស់​អ្នក៖ ការ​ជ្រើសរើស​ប្រភេទ​មុខ​ជំនួញ ដើម្បី​ចាប់​ផ្ដើម​ជា​រឿង​មួយ​ដ៏​លំបាក​ ព្រោះ​តោង​ឲ្យ​យើង​សិក្សា​ស្វែង​យល់​ពី​ឱកាស​នៃ​មុខ​ជំនួញ​នោះ។ ​​ ​​ត្រូវ​ដឹង​​ថា ​​តើ​អ្នក​ស្រឡាញ់​ចូលចិត្ត​អ្វី​ជាង​គេ។ ​ក្រៅ​ពី​នេះ​ ​អ្នក​ក៏​ត្រូវ​ដឹង​ដែរ​ថា​ អាជីវកម្ម ​ដែល​អ្នក​ចង់​ធ្វើ​ជា​អាជីវកម្ម​ងាប់ (អាជីវកម្ម​ដែល​វិវត្តន៍​តិច​តួច ឬ​មិន​វិវត្តន៍​ទាំង​ស្រុង) ឬ​ជា​អាជីវកម្ម​រស់ ​(អាជីវកម្ម​ដែល​អាច​រីក​លូតលាស់​បាន​លឿន)។
ធ្វើ​គម្រោង​ផែនការ៖ គ្រប់​ការ​ចាប់​ផ្ដើម ទាំង​អស់​ ​ការ​ធ្វើ​គម្រោង​ជួយ​ឲ្យ​អ្នក​យល់ដឹង​កាន់​តែ​ជ្រៅ​ពី​រចនាសម្ព័ន្ធ​​អាជីវកម្ម ​ដៃ​គូប្រកួត​ប្រជែង ​និង​ដើមទុន​ដែល​តម្រូវ។ ​បើ​ក្រឡេក​មើល​ ការ​សិក្សា​មួយ​ដែល​បាន​លើក​ឡើង​ក្នុង​សៀវភៅ “Business Plans For Dummies” ដោយ​លោក Paul Tiffany ​ក៏​បាន​និយាយ​ដែរ​ ក្រុមហ៊ុន​ទាំង​ឡាយ​ណា​ដែល​​​មាន​គម្រោង​ផែនការ​ច្បាស់​លាស់​ នោះ​នឹង​មាន​ឱកាស​ទទួល​បាន​ចំណូល ៥០% ​ច្រើន​ជាង​ក្រុមហ៊ុន​ដែល​មិន​មាន។
ស្វែងរក​ថវិកា៖ ជា​រឿង​​ដែល​មិន​អាច​​ខ្វះបាន។ ការ​ស្វែងរក​ថវិកា​ ជា​ផ្នែក​មួយ​​ចាំបាច់​ជាងគេ ​ហើយ​វិធីសាស្ត្រ​នេះ​ខុស​ប្លែក​ពី​ម្នាក់​ទៅ​ម្នាក់។ ​តើ​ប្រភព​ថវិកា​ប្រភេទ​ណា ​ដែល​សម​នឹង​មុខ​ជំនួញ​របស់​អ្នក? ​ប្រភព​ទាំង​នោះ​អាច​ជា ​របស់​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ ​ពី​​មិត្តភ័ក្ដិ និង​សមាជិក​ក្នុង​​ក្រុម​គ្រួសារ ​​ពី​ដៃគូ​វិនិយោគ ​កម្ចី​ហិរញ្ញប្បទាន ​ឬ​កម្មវិធី​ឧបត្ថម្ភ​​ជាដើម។
ដាក់ឈ្មោះ​អាជីវកម្ម៖ ការ​ជ្រើស​ឈ្មោះ​អាជីវកម្ម​ដ៏​ត្រឹមត្រូវ​ អាច​ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​ឲ្យ​ចាប់​អារម្មណ៍​មក​លើ​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក។ ជា​ទូទៅ​តាម​ប្រភព​មួយ​ចំនួន​លើក​ឡើង​ថា​ ឈ្មោះ​អាជីវកម្ម​​​គួរ​តែ​​​ខ្លី​ ងាយ​ស្រួល​ចាំ​ ​ខុស​ប្លែក​ពី​អ្នក​ដទៃ​ ​​និង​​​ទាក់​ទាញ។
សុំ​​អាជ្ញាប័ណ្ណ៖ ​ត្រូវ​ចុះ​ឈ្មោះ​អាជីវកម្ម​ជាមួយ​អាជ្ញាធរ​​ពាក់​ព័ន្ធ។
កំណត់​ទីតាំង​អាជីវកម្ម៖ ការ​ជ្រើសរើស​ទីតាំង​​ដ៏​ត្រឹម​ត្រូវ ​នឹង​អាច​ជួយ​ឲ្យ​អាជីវកម្ម​​ទទួល​ជោគជ័យ​បាន​រហ័ស។ ​ទីតាំង​អាច​នៅ​​ទី​ប្រជុំប្រជន​ ​​​ផ្លូវ​កែង ឬ​ក្បែរ​ផ្លូវ​ប្រសព្វ​​ ​ជា​ដើម។ ​​ក្រៅ​ពី​ការ​ជ្រើសរើស​ទីតាំង ​​ត្រូវ​​ទិញ​សម្ភារៈ​ចាំបាច់​សម្រាប់​ការិយាល័យ ​និង​អាជីវកម្ម ​ការ​រចនា​ទី​កន្លែង​ឲ្យ​មាន​ភាព​ទាក់​ទាញ​ ក៏​​ការ​ចាំបាច់​ដូចគ្នា។
សង្ឃឹម​ថា ​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ​នឹង​ជួយ​ផ្ដល់​ជា​គំនិត​ចំពោះ​អ្នក​ទាំង​ឡាយ​ដែល​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​ថ្មី​មួយ​ដល់​ខ្លួន​ឯង៕

Source : sabay

អតីត​អ្នក​លាង​ចាន ​បច្ចុប្បន្ន​មាន​ចំណូល​​មិន​ក្រោម​១​សែន​ដុល្លារ


ខ្សែ​ជីវិត​ប្រែប្រួល​មិន​ទៀង​ លោក​ លឹម ​ហុកឆាយ ​ជា​កូន​អ្នក​មាន​ បែរ​ជា​ចាប់​ផ្ដើម​អាជីព​ដំបូង​ជា​អ្នក​លាង​ចាន។ ទាំង​នេះគឺ​​ដោយសារវក់​នឹង​ការ​ដើរ​លេង ភ្លេច​ការ​សិក្សា ប៉ុន្តែ​ក្រោយ​ជួប​ការ​លំបាក ការ​តស៊ូ​​​ជម្នះ​​ឧបសគ្គ​ជា​ច្រើន​ រយៈ​ពេល​១០​ឆ្នាំ​ក្រោយ លោក​បាន​ក្លាយ​ជា​​សហគ្រិន​វ័យ​ក្មេង​ម្នាក់​ដែល​ទទួល​បាន​ចំណូល​ មិន​ក្រោម​១​សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។
តើ​ខ្សែ​ជីវិត​របស់​លោក លឹម ​ហុកឆាយ នាយក​ប្រតិបត្តិ​របស់​ភោជនីយដ្ឋាន​ The Asian Kitchen មាន​ការ​បត់បែន​យ៉ាងណា​ខ្លះ? ខាង​ក្រោម​​នេះ​ ជា​ឆាក​ជីវិត​ពិត​របស់​លោក។
កុមារភាព
យុវជន លឹម ហុកឆាយ កើត​នៅ​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​១៩៨៥ នៅ​ទីក្រុង​ភ្នំពេញ ជា​កូន​ទី​៣ ក្នុង​ចំណោមបង​ប្អូន​​៤​នាក់ ដែល​មាន​​​ឪពុក​ឈ្មោះ​ លឹម ហួរ និង​អ្នក​ម្ដាយ​ឈ្មោះ លឹម​ ប៉ោងគួង។
ឆ្នាំ​១៩៩០ កុមារ​ លឹម ហុកឆាយ បាន​ចូល​រៀន​ភាសា​ចិន ​មួយ​ឆ្នាំ​មុន​​​ចូលរៀនសាលា​រដ្ឋ​ជា​​ភាសា​ខ្មែរ។ ដោយ​កើត​ក្នុង​ត្រកូល​អ្នក​រកស៊ី​ធំដុំ ជាប់​សែស្រឡាយ​ចិន លឹម ហុកឆាយ ​រស់នៅ​ក្នុង​ជីវភាព​ហ៊ឺហា គ្មាន​ការ​បារម្ភ​​អ្វី​​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​លោក​បាន​ចង​ចាំ លោក​ជា​កុមារ​ម្នាក់​ដែល​ចូលចិត្ត​រំអុក​ប៉ា​ម៉ាក់​ឲ្យ​នាំ​​ដើរ​លេង​កម្សាន្ត​ មើល​អ្វី​ដែល​ថ្មីៗ ដូចជា​ទៅ​លេង​ភ្នំ​តាម៉ៅ ឬ​ទៅ​កម្សាន្ត​នៅ​កន្លែង​ឆ្ងាយ បែប​ធម្មជាតិ។
អាយុ​១៤​ឆ្នាំ​ ចាយ​មួយ​ថ្ងៃ​មិន​ក្រោម​១០​ដុល្លារ មាន​រថយន្ត​ជិះ​ដើរ​លេង
ឆ្នាំ​១៩៩៩ ឈាន​ចូល​វ័យ​១៤​ឆ្នាំ​ លោក​បាន​ចូល​រៀន​នៅ​វិទ្យាល័យ​បាក់ទូក។ កាល​ណោះ​លោក​មាន​លទ្ធភាព​ចាយ​លុយ​១០​ដុល្លារ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​សម្រាប់​លោក​លុយ​គ្មាន​ឧបសគ្គ​នោះ​ទេ គឺ​អាច​សុំ​ម៉ាក់​ ឬ​ប៉ា​លោក​ប៉ុន្មាន​ក៏​បាន។
ស្ថិត​ក្នុង​វ័យ​ជំទង់​បែប​នេះ លោក​ក៏​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៧ ដោយសារ​​ចូលចិត្ត​ដើរ​លេង​ច្រើន។ រាល់​ថ្ងៃ​លោក​បាន​ដើរ​លេង​គ្មាន​ខ្វាយខ្វល់​នឹង​ការ​រៀន​សូត្រ​ឡើយ​។ ពេល​នោះ​លោក​មាន​មិត្តភ័ក្ដិ​២​ក្រុម ដែល​មាន​មួយ​ក្រុម​ជា​ក្មេង​មាន​អំណាច​ និង​មួយ​ក្រុម​ទៀត​ជា​ក្មេង​ដែល​មាន​លុយ​ហើយ​ចូលចិត្ត​ដើរ​លេង​ច្រើន​មិន​ចូល​សាលា។ រវាង​ក្រុម​ទាំង​ពី​រ​ លោក​ចូលចិត្ត​ដើរ​ជាមួយ​ក្រុម​ដើរ​ច្រើន គឺ​មួយ​ថ្ងៃ​គិត​ពី​បើក​ឡាន​ដើរ​លេង ទៅ​នេះ​ទៅ​នោះ ឬ​ទៅ​លេង​ខេត្ត ប៉ុន្តែ​យ៉ាងណា​ក៏​ លោក​មិនមែន​ជា​ក្មេង​ដែល​ដើរលេង​ដាច់​យប់​​មិន​ចូល​ផ្ទះ​នោះ​ទេ។ លោក​តែង​​​ត្រលប់​មក​ផ្ទុះ​​វិញ​រាល់​ពេល​ល្ងាច​។
​គ្រួសារ​រឹតត្បិត​ ព្រោះ​ខ្លាច​កូន​ដើរ​ផ្លូវ​ខុស
ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​មិន​យូរប៉ុន្មាន​ ​ឪពុកម្ដាយ​របស់​លោក​​បាន​ដឹង​ពី​រឿង​ដើរ​លេង​ មិន​ចូល​សាលា​របស់​លោក។ ពេល​នោះ​ពួកគាត់​ចាប់​ផ្ដើម​​រៀបចំ​ផែនការ​រឹតត្បិត​ពេលវេលា​ ចំពោះ​លោក​មិន​ឲ្យ​ដើរ​លេង ទៅ​ក្រៅ​ឡើយ ប៉ុន្តែ​ធ្វើ​ឡើង​តាម​វិធី​សាស្ត្រ​ត្រជាក់ គឺ​ដាក់​ផែនការ​នាំ​លោក​ដើរ​លេង ឬ​រៀបចំ​កម្មវិធី​ជួបជុំ​បងប្អូន​ គឺ​ធ្វើ​យ៉ាងណា​​ឲ្យ​លោក​គ្មាន​ពេលវេលា​ដើរ​លេង ជួបជុំ​មិត្តភ័ក្ដិ​ខាង​ក្រៅ​ឡើយ​។
សម្រេច​ឲ្យ​ទៅ​នៅ​ក្រៅ​ប្រទេស ដើម្បី​លត់ដំ​ខ្លួន
ដោយ​បារម្ភ​ខ្លាច​កូន​គ្មាន​អនាគត ឪពុកម្ដាយ​របស់លោក​​បាន​ពិភាក្សា​គ្នា​ចង់​ឲ្យ​លោក​ទៅ​រស់នៅ​ស្រុក​បារាំង​ជាមួយ​បង​ស្រី​ជីដូន​មួយ​របស់​លោក ជៀសវាង​លោក​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ក្រុម​ដើរ​លេង​ខូច​អនាគត ប៉ុន្តែ​យ៉ាងណា​​ក៏​ពួកគាត់​ទាំង​ពី​​រ​​ទុក​ឲ្យ​លោក​ជា​អ្នក​ពិចារណា និង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ​ ។
តាម​ពាក្យ​សំដី​របស់​ឪពុកម្ដាយ​លោក​ថា៖ “​ប៉ា​ម៉ាក់​អាច​ជួយ​កូន​បាន​នៅ​ពេល​នេះ ប៉ុន្តែ​គឺ​កូន​ជា​អ្នក​គ្រប់គ្រង​អនាគត​ខ្លួន​ឯង​”។ ដោយ​ឆ្លង​កាត់​ជា​ការ​ពិចារណា ​ក្មេង​វ័យ​១៦​ឆ្នាំ​រូប​នេះ​ បាន​មើល​ឃើញ​ពី​ការ​រៀបចំ​របស់​ចាស់​ៗ និង​គិត​ពី​អនាគត​របស់​ខ្លួន។ ពេល​នោះ​លោក​ក៏​សម្រេច​ចិត្ត​ ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​។
ពី​ជីវិត​ធ្លាប់​សោយសុខ​ ក្លាយ​ជា​កម្មករ​ធ្វើការ​ដ៏​លំបាក
ដើម​ឆ្នាំ​​​២០០២ លោក​ក៏​ត្រូវ​ធានា​ឲ្យ​ទៅ​រស់នៅ​ប្រទេស​បារាំង​ ជា​មួយ​បង​ស្រី​ជីដូនមួយ នៅ​ភោជនីយដ្ឋាន​ ម៉ុងតារា​ នា​ទីក្រុង​​​​មួយ​​​ ក្នុង​ប្រទេស​បារាំង​។ ក្នុង​ភោជនីយដ្ឋាន​នោះ ការងារ​ដំបូង​សម្រាប់​យុវជន​១៦​ឆ្នាំ​ដូច​លោក​ គឺ​​ជា​អ្នក​លាងចាន​ ​ដែល​ជា​ការងារ​លំបាក​​ ​កូន​​អ្នក​មាន​មិន​ធ្លាប់​ស្រមៃ​ថា​ត្រូវ​ធ្វើ​វា ​ គឺ​ផ្ទុយ​ស្រលះ ពី​ស្ថានភាព​​​កូន​អ្នក​មាន​ រស់​នៅ​ដោយ​ស្រណុក​នៅ​កម្ពុជា​។
ប្រាក់​ខែ​នៅ​ស្រុក​បារាំង​ មិន​ស្មើ​ស្រុក​ខ្មែរ​
ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្ដី​លោក​មិន​បាន​រួញរា​នឹង​ការងារ​នេះ​ទេ ព្រោះ​លោក​តែង​មាន​គំនិត​មួយ គឺ​ចង់​ឈ្នះ ដូច្នេះ​លោក​សម្រេច​ចិត្ត​ថា គេ​អាច​ធ្វើ​បាន​លោក​ក៏​អាច​ធ្វើ​បាន​ដូចគ្នា ។ ការងារ​របស់​លោក​បានរីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​​​ថ្ងៃ​ ពី​អ្នក​លាង​ចាន ទៅ​​រត់​តុ​ និង​ពី​អ្នក​​រត់​ត ទៅ​ធ្វើ​ការងារ​ក្នុង​​​​ចង្ក្រាន​បាយ។ មុន​ដំបូង​លោក​ទទួល​បាន​ប្រាក់បៀវត្សរ៍​ចំនួន ៣​ពាន់​ហ្វ្រង់​ ប្រហែល​ស្មើ​៣០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ តិច​ជាង​លុយ​លោក​ទទួល​បាន​ពី​ប៉ា​ម៉ាក់​​​ ចាយ​តាំង​ពី​វ័យ​កុមារ​​ទៅ​ទៀត។
មិន​យូរ​ប៉ុន្មាន លោក​បាន​​ឡើង​ប្រាក់​ខែ​ជា​បន្តបន្ទាប់​រហូត​ដល់​១០០០​អឺរ៉ូ ប្រហែល​ជាង​១​ពាន់​ដុល្លារ អាមេរិក​ដោយសារ​​ការ​យល់​ដឹង​ និង​ការងារ​​​យ៉ាង​ស្ទាត់​​ជំនាញ​​ក្នុង​ចង្ក្រាន​បាយ​​របស់​លោក។
ភាព​ជឿជាក់​ នាំ​ឲ្យ​ជោគជ័យ
​ដោយ​មើល​ឃើញ​លោក​ប្រឹងប្រែង​ការងារ​ខ្លាំង ​៣​ខែ​ក្រោយ​ បងថ្លៃ​ជីដូន​មួយ​ក៏​សម្រេច​ចិត្ត​បណ្ដុះបណ្ដាល​លោក​ឲ្យ​ក្លាយ​ជា​ចុងភៅ។ ពេល​វេលា​មិន​ដល់​មួយ​អាទិត្យ​ទេ លោក​ចាប់​បាន​ទាំង​អស់​នូវ​​រូបមន្ត​ និង​ក្បួន​ធ្វើ​ម្ហូប​ចិន បាន​យ៉ាង​ស្ទាត់​ជំនាញ ហើយ​ដឹង​ពី​វិធី​គ្រប់គ្រង​ក្នុង​ផ្ទះ​បាយ​ទាំង​អស់​។
ជាង​១​ខែ​បន្ទាប់​ពី​លោក​បាន​ក្លាយ​ជា​ចុងភៅ មេ​ចុងភៅ​នៅ​ភោជនីយដ្ឋាន​នោះ​បាន​រករឿង​ចាក់​រុក​ថៅកែ​ថា បើ​ទុក​លោក​ជា​ចុងភៅដែរ​ ​គេ​នឹង​ឈប់​ធ្វើការ​ ប៉ុន្តែ​បង​ជីដូន​មួយ​របស់​លោក​មិន​ស្ដាប់ ស្រាប់​តែ​មេ​ចុងភៅ​នោះ​ សម្រេចចិត្ត​លា​ឈប់​ពី​ហាង។ ដោយ​សម្អាង​ថា​លោក​ជា​ក្មេង​ទើប​ចេះ​ធ្វើ​ម្ហូប​ មិន​អាច​មាន​លទ្ធភាព​ធ្វើ​ជា​មេ​ចុងភៅ​នោះ​ទេ តែ​ដោយ​ភាព​ជឿជាក់ លោក​ក៏​សម្រេច​ចិត្ត​សាកល្បង ឃើញ​ថា​អាច​ធ្វើ​បាន​ដោយ​ជោគជ័យ។
ពី​មេ​ចុងភៅ​ក្លាយ​អ្នក​គ្រប់គ្រង
បន្ទាប់​ពី​ក្លាយ​ជា​មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​​រយៈ​ពេល​៦​ខែ​មក លោក​ក៏​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​គ្រប់គ្រង​លើ​ផ្នែក​សេវាកម្ម ដូចជា​ចាត់ចែង​​អ្នក​រត់តុ​​ អ្នក​ធ្វើ​អនាម័យ​ជាដើម​ បន្ថែម​លើ​តួនាទី​ជា​មេ​ចុងភៅ​។ រយៈ​ពេល​១​ឆ្នាំ​ លោក​ត្រូវ​បាន​ដំឡើង​ជា​អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន​​តែ​ម្ដង ដោយ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ ១៨០០ អឺរ៉ូ ស្មើ​ជាង​២ពាន់​ដុល្លារ។
ធ្វើការ​រហូត​សន្លប់ នៅ​ពេល​កំពុង​រត់​តុ
ជាង​៣​ឆ្នាំ​ក្រោយ​ លោក​ត្រូវ​បានគេ​​មើល​ឃើញ​ថា​ ជា​មនុស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​កាន់​កាប់​ភោជនីយដ្ឋាន ពេល​មិត្តភ័ក្ដិ​របស់​បង​ជីដូនមួយ​លោក បាន​សុំ​លោក​ឲ្យ​ជួយ​រៀបចំ​​ភោជនីយដ្ឋាន​ថ្មី​មួយ ដោយ​មាន​ការ​យល់​ព្រម​ពី​​បង​ជីដូនមួយ និង​ដោយសារ​ចង់​សាកល្បង​ជាមួយ​ការ​​គ្រប់គ្រង​ហាង​ថ្មី​សន្លាង​ ​ទំហំ​ធំ​ជាង​ហាង​បង​​របស់​លោក​ពីរ​ដងឯណោះ។
លោក​បាន​ធ្វើការ​ជា​អ្នក​គ្រប់គ្រង​ផង និង​ចូល​ជួយ​ការងារ​ចង្ក្រាន​ផង។ មាន​ពេល​ខ្លះ​លោក​ត្រូវ​រត់​តុ​​ទៀត​។ មាន​ថ្ងៃ​មួយ​ដោយ​អស់​កម្លាំង​ខ្លាំង​ពេក ​បន្ទាប់​ពី​​មិន​បាន​សម្រាក​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​ លោក​បាន​​​ដួល​សន្លប់​។
បន្ទាប់​ពី​កាន់កាប់​ឲ្យ​ភោជនីយដ្ឋាន​នោះ​ដំណើរ​ការ​រលូន​ហើយ លោក​បាន​វិល​ត្រលប់​មក​ធ្វើការ​នៅ​ភោជនីយដ្ឋាន​ ម៉ុង តារា វិញ​ជា​ធម្មតា​។
បើក​ភោជនីយដ្ឋាន​លើ ទឹកដី​ប្រទេស​បារាំង​
ឆ្នាំ​២០០៩ ដោយ​មើល​ឃើញ​លោក​មាន​គំនិត​ចង់​អភិវឌ្ឍ​សហគ្រិន រយៈ​ពេល​៨​ឆ្នាំ​បងប្រុស​ជីដូន​មួយ​​ចង់​បើក​ភោជនីយដ្ឋាន​មួយ​ទៀត​ នៅ​ទីក្រុង​បារីស​ លក់​ម្ហូប​បែប​ថៃ ចំណាយ​២០​ម៉ឺន​អឺរ៉ូ ដោយ​លោក​បាន​​ចូលរួម​ភាគហ៊ុន​ទុន​៦​ម៉ឺន​អឺរ៉ូ។ ដោយ​បង​ថ្លៃ​ជី​ដូន​មួយ​បាន​ជំរុញ​លើក​ទឹកចិត្ត និង​​គាំ​ទ្រ​ហិរញ្ញវត្ថុ​ខ្លាំង​ លោក​ក៏​សម្រេច​ចិត្ត​បោះ​ទុន​ចូលរួម ប្រែ​ក្លាយ​ខ្លួន​ពី​អ្នក​ធ្វើការ​ឲ្យ​គេ មក​ជា​​សហគ្រិន​វិញ​ម្ដង​។ ក្រោយ​ពេល​៣ទៅ​៤​ខែ ហាង​ថ្មី​នាទី​ក្រុង​បារីស​បាន​ដំណើរ​ការ​រលូន​ហើយ​ លោក​ និង​បង​ប្រុស​​ក៏​សម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​មួយ​ទៀត​នៅ​ប្រទេស​អូស្ត្រាលី។
១០​ឆ្នាំ​លើស​៥​នាទី មក​ជាន់​ដី​ស្រុក​ខ្មែរ​វិញ
ថ្ងៃ​ទី​​៥ ខែធ្នូ​ ឆ្នាំ​២០០១​ ដល់​ថ្ងៃ​ខែ​ដូចគ្នា ឆ្នាំ​២០១១ គិត​ទៅ​១០​ឆ្នាំ​គត់​ លើស​៥​នាទី​លោក​បាន​មក​ជាន់​ទឹកដី​កម្ពុជា​ ដូច​ការ​សន្យា​របស់​លោក​ជាមួយ​លោក​ឪពុក​អ្នក​ម្ដាយ ជាមួយ​មោទនភាព​ ព្រោះ​លោក​មិន​ធ្វើ​ឲ្យ​ពួកគាត់​អស់​សង្ឃឹម​មក​វិញ​ក្នុង​នាម​​ជា​ក្មេង​ពាលា​អាវាសែ តែ​មក​​ក្នុង​នាម​ជា​សហគ្រិន​ដែល​ទទួល​បាន​ជោគជ័យ។
សម្រេច​ការប៉ង​​ប្រាថ្នា​រយៈ​ពេល​១០​ឆ្នាំ​មុន​
ដើម្បីសម្រេច​​នូវ​បំណង​ប្រាថ្នា​ពី​អតីតកាល​របស់​ខ្លួន គឺ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​មាន​លទ្ធភាព​បើក​ភោជនីយដ្ឋាន​ឲ្យ​បាន​ចំនួន​​មួយ ​ឬ​ពីរ​នៅ​ប្រទេស​កំណើត។​ មិន​ដល់​រយៈ​ពេល​៣​ខែ​ផង​ក្រោយ​ពី​ត្រលប់​មក​ស្រុក​កំណើត​វិញ​ លោក​បាន​សម្រេច​ចិត្ត​​ចូលរួម​ជា​មួយ​មិត្តភ័ក្ដិ​ និង​រៀម​ច្បង​មួយ​ចំនួន បើក​ភោជនីយដ្ឋាន​លក់​ស៊ុប​ទំនើប​មួយ​ ឈ្មោះ​ថា I​food នៅ​​ចំហៀង​ស្ដាត​​អូឡាំពិក ដោយ​​​មាន​ដើម​ទុន​ប្រមាណ​២០​ម៉ឺន​ដុល្លារ ដែល​ចំណែក​របស់​លោក​ក៏​មាន​ដើម​ទុន​៥​ម៉ឺន​ដុល្លារ ។
មិន​ដល់​២​ឆ្នាំ​បើក​ហាង​មួយ​ទៀត
ដោយ​មាន​សហការ​ពី​ដៃគូ​ពាណិជ្ជកម្ម ក៏​សម្រេចចិត្ត​ធ្វើ​Franchise ពី​ប្រទេស​សិង្ហបុរី​ នៅ​ភោជនីយដ្ឋាន​មួយ​ឈ្មោះ​ថា The Asian Kitchen។ នៅ​ខែ​មិថុនា​ ឆ្នាំ​២០១៣​ ក៏​បាន​បើក​សម្ពោធ​នៅ​មហាវិថី​ព្រះ​មុនីវង្ស ដែល​ក្នុង​នោះ​លោក​មាន​ដើម​ទុន​៣០​ភាគរយ​នៃ​ថ្លៃ​ដើម​សរុប។
បច្ចុប្បន្នភាព​
លោក​ លឹម​ ហុកឆាយ មាន​អាយុ​២៨​ឆ្នាំ មិន​ទាន់​មាន​ភរិយា​​​ឡើយ។ លោក​បាន​ចូលរួម​វិនិយោគទុន​ជា​មួយ​ដៃ​គូ​ លើ​ភោជនីយដ្ឋាន​ចំនួន​៤​ នៅ​ក្រៅ​ប្រទេស​ចំនួន​២ (នៅ​ប្រទេស​បារាំង​មួយ នៅ​ប្រទេស​អូស្ត្រាលី​មួយ) និង​នៅ​រាជធានី​ភ្នំពេញ ចំនួន​២ ដែល​ភោជនីយដ្ឋាន​នៅ​ស្រុក​ខ្មែរ​ ​លោក​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​។ សម្រាប់​ភោជនីយដ្ឋាន​ទាំង​ពីរ​​នៅ​ក្រៅ​ប្រទេស អាច​រក​ចំណូល​ចូល​មិន​ក្រោម​១​​សែន​ដុល្លារ​ ក្នុង​១​ឆ្នាំ​ ក្នុង​នោះ​មិន​រាប់​បញ្ចូល ចំណូល​ពី​ភោជនីយដ្ឋាន​ពីរ​ដែល​ទើប​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​ឡើយ​។
ផែនការ​អនាគត​
លោក​ចង់​​ពង្រីក​បន្ថែម​​ភោជនីយដ្ឋាន​២​ទៅ​៣​កន្លែង​ទៀត។ ​នៅ​​ពេល​អនាគត​ គឺ​​នៅ​ពេល​លោក​មាន​អាយុ​៤៥​ឆ្នាំ​ ទើប​លោក​រៀបការ ពេល​នោះ​លោក​មាន​ថវិកា​គ្រប់គ្រាន់​អាច​នាំ​ភរិយា​ដើរ​លេង​ជុំវិញ​ពិភពលោក​ និង​សិក្សា​ពី​ឱកាស​បើក​ទីផ្សារ​បន្ថែម។
បទពិសោធន៍​ជីវិត “អរគុណ​ចំពោះ​អ្នក​តិះដៀល​លោក​នៅ​ស្រុក​បារាំង”​
មនុស្ស​ម្នាក់​ដែល​លោក​មិន​អាច​បំភ្លេច​ គឺ​បងស្រី​ជីដូន​មួយ​របស់​លោក​ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​ ម៉ុង តារា នៅ​ប្រទេស​បារាំង។ ខណៈ​ពេល​ដែល​លោក​ធ្វើជា​អ្នក​លាងចាន ពាក្យ​ពេចន៍​គ្រោតគ្រាត​រាប់​ភ្លេច បាន​តិះដៀល​រាល់​ថ្ងៃ​ មក​លើ​លោក​ ​ដូច​ជា​ មនុស្ស​អត់​កំណើត កូន​បំផ្លាញ មនុស្ស​គ្មាន​សំណាង​កើត​លើ​ទ្រព្យ​សម្បត្តិ​ហើយ បែរ​ជា​មក​លំបាកលំបិន​ ខណៈ​ដែល​លោក​មិន​ទាន់​ទម្លាប់​ជាមួយ​ការងារ​នោះ​នៅ​ឡើយ។ លោក​បាន​ដេក​យំ​ដោយសារ​តែ​ពាក្យ​ធ្វើ​ឲ្យ​លោក​ឈឺ​ ប៉ុន្តែ​លោក​បាន​សម្រេច​ចិត្ត​ខំ​ប្រឹង​ សន្យា​ថា​នឹង​បើក​ហាង​នៅ​ស្រុក​បារាំង​ឲ្យ​បាន​ ហើយ​ធ្វើ​ជា​មនុស្ស​មាន​កំណើត​​វិញ។
ការ​ចែក​រំលែក​បទពិសោធន៍ និង​ការ​ផ្ដាំផ្ញើ​
តាម​ប្រវត្តិ​របស់​លោក​ គឺ​ដោយសារ​តែ​លោក​ជា​សាច់ឈាមនឹង​ម្ចាស់​ហាង​ ទើប​លោក​ឆាប់​រហ័ស​នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពិត​ដែរ​ទេ? ចំពោះ​ចំណុច​នេះ លោក​ទទួល​ស្គាល់​មែន ប៉ុន្តែ​បើសិនជាលោក​​ប្រកាន់​ចរិត​កូន​អ្នក​មាន​ហើយ មិន​ចុះញ៉ម និង​មិន​ប្រើ​ភាព​អំណត់ តស៊ូ ប្រឹងប្រែង ​ហើយ​លោក​រត់​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​នោះ លោក​​មិន​អាច​​បាន​ជោគជ័យ​ដូច​ថ្ងៃ​នេះ​ទេ។ ដូចជា​ពេល​ខ្លះ​លោក​​សុខចិត្ត​​សម្ងំ​យំ ពេល​ប៉ា​ម៉ាក់​លោក​​សួរ​សុខ​ទុក្ខ​ លោក​​ប្រាប់​ថា​ គ្មាន​បញ្ហា​ ហើយ​ចាប់​តាំង​ពី​ទៅ​នៅ​ប្រទេស​បារាំង មិន​បាន​ទទួល​យក​នូវ​ថវិកា​ដែល​ឪពុក​ម្ដាយ​​ផ្ញើ​មក​ឲ្យ​នោះ​ទេ គឺ​សុខ​ចិត្ត​រស់​នៅ​​ក្នុង​ស្ថានភាព​លំបាកលំបិន​ ទ្រាំ​ជាមួយ​ពាក្យ​ជេរដៀល​រាល់​ថ្ងៃ​ និង​ប្រឈម​នឹង​ការងារ​ជា​ច្រើន​។
ក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ បង​ជីដូន​មួយ​លោក​ក៏​បាន​បណ្ដុះបណ្ដាល​មនុស្ស​ជា​ច្រើន​ ឲ្យ​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ហាង​ដែរ ហើយ​ក៏​មាន​អ្នក​ខ្លះ​មាន​សមត្ថភាព ​ចេញ​ទៅ​ធ្វើការ​កន្លែង​ផ្សេង​ ដូច្នេះ​កូន​អ្នក​ក្រ​ក៏​ដោយ​ កូន​អ្នក​មាន​ក៏​ដោយ គឺ​ត្រូវ​តែ​មាន​​​ភាព​តស៊ូ អំណត់​ព្យាយាម ទើប​ទទួល​បាន​ជោគជ័យ​។
គ្មាន​ទេ ពាក្យ​ថា​ហួស​ពេល​
ហួស​ពេល​ជា​លេស​ សម្រាប់​អ្នក​បរាជ័យ​ប៉ុណ្ណោះ ដូច្នេះ​សម្រាប់​យុវជន​ដែល​ចង់​ទទួល​បាន​ជោគជ័យ​ សូម​កុំ​និយាយ​ពាក្យ​ថា ហួស​ពេល​ឲ្យ​សោះ។ បើសិនជា​សន្យា​នឹង​ខ្លួន​ឯង​ថា ធ្វើ​អ្វី​មួយ​ហើយ ត្រូវ​សម្រេច​ដល់​គោលដៅ​ដែល​ចង់​បាន​ ទោះ​១០​ឆ្នាំ​ទើប​សម្រេច​ក៏​មិន​ទាន់​យឺត​ពេល​ដែរ​។ ដូច​​លោក​អីចឹង​​ កាល​ពី​១០​ឆ្នាំ​មុន លោក​​ធ្លាប់​សន្យា​ថា នឹង​បើក​ភោជនីយដ្ឋាន​មួយ​នៅ​ស្រុក​ខ្មែរ ​ គឺ​១០​ឆ្នាំ​មែន​ ប៉ុន្តែ​យឺត​៣​ខែ​ប៉ុណ្ណោះ ដូច្នេះ​កុំ​និយាយ​ថា​ហួសពេល​អី។
កុំ​គិត​អ្វី​ ដែល​អវិជ្ជមាន​
កុំ​គិត​ថា​ទាល់​តែ​កូន​អ្នក​មាន​ ទើប​អាច​ទទួល​បាន​ជោគជ័យ។ កូន​អ្នក​ក្រ​ក៏​អាច​ទទួល​បាន​ជោគជ័យ​ដែរ ឲ្យ​តែ​ប្រឹង​ប្រែង​ ​ហើយ​គិត​​នូវ​​អ្វី​ដែល​ជា​ក្ដី​សង្ឃឹម​ប្រកប​ដោយ​ភាព​វិជ្ជមាន។ មនុស្ស​ម្នាក់​បើ​គិត​ពី​ភាព​អវិជ្ជមាន​ នោះ​គឺ​គ្មាន​សង្ឃឹម​អ្វី​ទាំងអស់ ត្រូវ​ចងចាំ​ថា​ មាន​បញ្ហា​ទើប​មាន​ដំណោះស្រាយ​ មាន​ឧបសគ្គ​ទើប​មាន​ជ័យជម្នះ៕


Source : sabay

ចង់​អភិវឌ្ឍ​​ខ្លួន​ឯង​​ សាក​គិត​ថា​ខ្លួន​​អ្នក​ជា​ “​ផលិតផល”


ចង់​អភិវឌ្ឍ​តម្លៃ​ខ្លួន​ឯង​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ។ ​អីចឹង​​ សាក​គិត​ថា ​ខ្លួន​អ្នក​ជា​ផលិតផល​​ដែល​កំពុង​​តែ​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ប្រកួតប្រជែង​មួយ​វិញ​មើល៍​ថា ​អ្វីៗ​នឹង​ទៅ​ជា​យ៉ាង​ណា?
​នៅ​ពេល​ដែល​អ្នក​គិត​ថា ​អ្នក​ជា​ផលិតផល​ អ្នក​ត្រូវ​ព្យាយាម​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ ពុំ​នោះ​ទេ​​អតិថិជន​របស់​អ្នក​នឹង​បោះបង់​ចោល​អ្នក​ទៅ​ជ្រើស​យក​ផលិតផល​ផ្សេង​ដែល​ល្អ​ជាង​ទាំង​គុណភាព​ និង​តម្លៃ។
ដើម្បី​ឲ្យ​ផលិតផល​មួយ​មាន​គុណភាព ​និង​ប្រសើរ​ជាង​មុន ​ជា​ដំបូង​អ្នក​ត្រូវ​សិក្សា​ស្វែង​យល់​ពី​ចំណុច​ខ្វះខាត​នៅ​លើ​ផលិតផល​ផ្ទាល់ ​ដោយ​ទទួល​យក​មតិ​ យោបល់​​ ការ​រិះគន់​ ពី​អតិថិជន​ប្រើប្រាស់។
​បន្ទាប់​ពី​ទទួល​បាន​​គំនិត​ច្រើន​ពី​អតិថិជន​ហើយ ​អ្នក​អាច​ធ្វើ​ការ​វិភាគ​ និង​ជ្រើសរើស​យក​ចំណុច​ល្អ​មក​ផ្លាស់​ប្ដូរ​ទៅ​លើ​ផលិតផល​ដែល​មាន​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​ដែល​មាន​ស្រាប់ ​និង​បង្កើត​ចំណុច​ពិសេស​ណាមួយ​ទាក់ទាញ​​អតិថិជន​ថ្មីៗ​ផ្សេងទៀត។ ​
ចំពោះ​ខ្លួន​អ្នក ​អតិថិជន​ដែល​អាច​ផ្ដល់​ជា​មតិ​ យោបល់ ​និង​ការ​រិះគន់​គឺ ​មនុស្ស​ជុំវិញ​ដែល​កំពុង​រស់នៅ​​ ធ្វើការ​ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក។ ​ដូច្នេះ​ សាកល្បង​បើក​ចិត្ត​ឲ្យ​ទូលាយ​ និង​​ឲ្យ​ពួកគេ​និយាយ​ពី​ចំណុច​វិជ្ជមាន​ និង​អវិជ្ជមាន​របស់​អ្នក។
​​ការ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​នេះ​ទៀត​សោត​​មិន​ចាំបាច់​​ថា ​ត្រូវ​ចំណាយ​ច្រើន​នោះ​ទេ។ ​សាក​គិត​ថា​ ​អ្នក​ចង់​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​លើ​​ពី​ប្រធានបទ​មួយ​ឧទាហរណ៍​ សេដ្ឋកិច្ច​ក្នុង​រយៈពេល​មួយ​ឆ្នាំ។​​ ​​ដូច្នេះ​ ក្នុង​មួយ​ខែ​អ្នក​អាច​ចំណាយ​ពេល​ទៅ​បណ្ណាល័យ​ បី​ ឬ​បួន​ដង​​អាន​សៀវភៅ​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច ​ឬ​អាច​ទិញ​សៀវភៅ​បី​បួន​ក្បាល​សម្រាប់​អាន​​រយៈពេល​មួយ​ឆ្នាំ​តែ​ម្ដង។
ផុត​ពី​មួយ​ឆ្នាំ​ទៅ ​​ប្រៀបធៀប​ខ្លួន​ឯង​បន្តិច​មើល៍​ថា ​កាល​ពី​មួយ​ឆ្នាំ​មុន ​និង​បច្ចុប្បន្ន​អ្នក​មាន​ការ​យល់ដឹង​យ៉ាង​ណា​ ពាក់ព័ន្ធ​នឹង​ប្រធានបទ​សេដ្ឋកិច្ច។
មួយ​ឆ្នាំ​ក្រោយ​មក​ទៀត អ្នក​អាច​ផ្ដោត​ទៅ​លើ​ប្រធានបទ​ថ្មី​មួយ​ទៀត។ ​​ស្រមៃ​មើល​ថា ​១០ ​ឆ្នាំ​បន្ទាប់​ចំណេះដឹង​របស់​អ្នក​ផ្លាស់ប្ដូរ​ប៉ុណ្ណា? ​ពេល​ខ្លះ​អ្នក​មិន​បាន​គិត​ចង់​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ទេ ​ព្រោះ​យល់​ថា​ នោះ​គ្រាន់​ជា​ការ​ផ្លាស់ប្ដូរ​តិចតួច​ប៉ុណ្ណោះ​ ប៉ុន្តែ​​កុំ​ភ្លេច​ថា ​រយៈពេល​ ១០ ​ឆ្នាំ​ក្រោយ​អ្នក​នឹង​មើល​ឃើញ​ច្បាស់​ថា ​ការ​ផ្លាស់​ប្ដូរ​តិចតួច​ប្រចាំ​ថ្ងៃ​នោះ​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​ធំធេង​ប៉ុណ្ណា។ ចូរ​គិត​ពី​ទីផ្សារ​រយៈពេល ៥ ឬ​ ១០ ​ឆ្នាំក្រោយ ​ហើយ​សាកល្បង​សម្រួច​ខ្លួន​អ្នក​ ពី​ពេល​ឥលូវ​។
មិន​ជឿ​ សាកល្បង​ដោយ​ខ្លួន​ឯង​មើល៍។

Source : sabay

និស្សិត​ខ្មែរ​​សិក្សា​នៅ​​អាមេរិក ​ប្រាប់​ពី​ល្បិច​សុំ​​​អាហារូបករណ៍​​​​បរទេស​


មិន​ងាយ​មាន​និស្សិត​ខ្មែរ​ណា​​អាច​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ពីរ​ដង​ផ្ទួន​គ្នា​ទេ​ ប៉ុន្តែ​ មាស ថុង​ គឺ​ជា​ម្នាក់​ក្នុង​ចំណោម​និស្សិត​ដ៏​កម្រ​ទាំង​នោះ។ នៅ​ឆ្នាំ​២០០៨​កន្លង​ទៅ​ អតីត​និស្សិត​​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​រូប​នេះ​ ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​រយៈពេល​មួយ​ឆ្នាំ​នៅ​ប្រទេស​អូស្រ្តាលី។
បច្ចុប្បន្ន​ យុវជន​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប​រូប​នេះ​ កំពុង​សិក្សា​ថ្នាក់​អនុបណ្ឌិត​រយៈ​ពេល​ពីរ​ឆ្នាំ​ ឯ​សាកល​វិទ្យាល័យ​ University of Kentucky ​សហរដ្ឋ​​អាមេរិក។ ថ្លៃ​ជួល​ផ្ទះ​ ថ្លៃ​សាលា​ ថ្លៃ​ម្ហូបអាហារ​ ថ្លៃ​​ប្រដាប់​ប្រដា​រៀន​សូត្រ​ ថ្លៃ​សំបុត្រ​យន្ត​ហោះ​​ទៅ​មក​ និង​ថ្លៃ​ចាយវាយ​ផ្សេង​ទៀត​ គឺ​អាហារូបករណ៍​នោះ​រ៉ាប​រង​ទាំង​អស់។
ចង់​ដឹង​ថា​ និស្សិត​ខ្មែរ​រូប​នេះ​មាន​បច្ចេក​ទេស​ស្វះ​ស្វែង​រក​អាហារូបករណ៍​យ៉ាង​ណា​ ថ្ងៃ​នេះ​ Sabay បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​រូប​​លោក​​ដូច​តទៅ៖
មាស ថុង
Sabay៖ លោក​ មាស ថុង តើ​អាហារូបករណ៍​ដែល​លោក​កំពុង​សិក្សា​នេះ​ មាន​ឈ្មោះ​អ្វី​ដែរ​ ហើយ​លោក​​ដឹង​ព័ត៌មាន​អំពី​វា​​ដោយ​របៀប​ណា?
មាស ថុង៖ អាហារូបករណ៍​ដែល​ខ្ញុំ​ទទួលបាន​នេះ​មាន​ឈ្មោះ​ថា​ Cambodia HARVEST Scholarship Program, ជា​កម្មវិធី​ដែល​រៀប​ចំ​ដោយ កម្មវិធីអភិវឌ្ឍន៍​កសិកម្ម​មួយ​នៅ​ប្រទេស​កម្ពុជា​យើង​​ឈ្មោះថា Cambodia HARVEST Program ​ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ នៃ​សហរដ្ឋអាមេរិក​​(USAID)។
ក្រៅ​ពី​កម្មវិធី​បែប​នេះ​ ក៏​មាន​កម្មវិធី​ដ៏​ទៃ​ទៀត​ដែល​ឧបត្ថម្ភ​និស្សិត​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ ដូចជា​កម្មវិធី​ Fulbright ​ជាដើម​ ដែលជា​អាហារូករណ៍​ដ៏​ល្បី​មួយ​របស់​អាមេរិក។ ព័ត៌មាន​ទាក់​ទង​នឹង​អាហារូបករណ៍ Fulbright ​​នេះ​ យើងអាច ស្វែងរកបានតាម​រយៈ​វិបសាយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ​ និង​គេហទំព័រ​បរទេស​ផ្សេង​ទៀត។ មិន​មាន​អ្វី​ជា​លាក់​កំបាំង​ទេ​ ពេល​ណា​រដូវ​បើក​ប្រកាស​ប្រគល់​អាហារូបករណ៍​មក​ដល់​ ស្ថានទូត​អាមេរិក​នឹង​ជូន​ដំណឹង​ដល់​និស្សិត​ខ្មែរ​ ទាំង​នៅ​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ត​បាន​ដឹង​មិន​ខាន​ឡើយ។
តាម​ពិត​ទៅ​ ​ ខ្ញុំក៏ធ្លាប់ប៉ង​អាហារូបករណ៍ Fulbright នេះ​ដែរ​ ​ ហើយខ្ញុំ​ក៏ធ្លាប់បាន​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​កម្មវិធីផ្សេង​ទៀត​ជា​ច្រើនដែរ​កន្លង​មក​ ​ តែ​​ខ្ញុំ​បែរ​ជាមានសំណាង​មក​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ តាម​រយៈ​កម្មវិធី​ USAID Cambodia HARVEST Program ​ទៅវិញ កាល​ពី​ឆ្នាំ​ទៅ​មិញ។ កម្មវិធីនេះ ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​កម្មវិធី ​Fulbright ដែរ។ ចំណែក​ឯដំណឹងទាក់ទងនឹងកម្មវិធីនេះ ខ្ញុំទទួលបាន​តាមរយៈ​សារ email ការ​ផ្សាយ​តាម​ទំព័រ​កាសែត និង​ការធ្វើបទបង្ហាញ​ដោយ​អ្នករៀបចំកម្មវិធីផងដែរ។
Sabay៖ អាច​ប្រាប់​ព័ត៌មាន​ជុំ​វិញ​​អាហារូបករណ៍​របស់​អ្នក​បន្តិច​​បាន​ទេ?
មាស ថុង៖ កម្មវិធី​អាហារូបករណ៍​ដែល​ខ្ញុំ​កំពុង​តែ​រៀន​នេះ​ គឺ​ផ្ដល់​សម្រាប់​និស្សិត​ខ្មែរ​ ដែល​ចង់​ស្វែង​រក​ការ​សិក្សា​ថ្នាក់​អនុបណ្ដិត​នៅ​សហរដ្ឋ​អាមេរិក​ ផ្នែក​ជំនាញដែលពាក់ព័ន្ធនឹងកសិកម្ម។ ហើយ​ឥឡូវ​ ខ្ញុំ​កំពុង​សិក្សា​យក​អនុបណ្ឌិត​ ផ្នែក​សេដ្ឋកិច្ច​កសិកម្ម​ រយៈ​ពេល​ពីរ​ឆ្នាំ​នៅ​សាកល​វិទ្យាល័យ​ University of Kentucky ឯ​សហរដ្ឋ​អាមេរិក។
Sabay៖ តើ​ធ្វើ​ម៉េច​ដើម្បី​ទទួល​បាន​អាហារូបករណ៍​នេះ?
មាស ថុង៖ រឿង​សុំ​អាហារូបករណ៍​ គឺ​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់​ និង​តម្រូវ​ឲ្យ​សរសេរពាក្យស្នើសុំ​ និងលក្ខខណ្ឌមួយចំនួន ដូចជា​ឲ្យ​មាន​បទ​ពិសោធន៍​បម្រើការងារមួយ​ចំនួន​ទៀត​ផង។ តម្រូវ​ការ​ទី​មួយ​ក្នុង​ការ​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ គឺ​កម្រិត​ភាសា​អង់គ្លេង។ ដើម្បី​ឲ្យ​ពាក្យ​សុំ​អាហារូបករណ៍​របស់​យើង​ត្រូវ​បាន​គណៈ​មេ​ប្រយោគ​ពិចារណា​ អ្នក​ត្រូវ​តែ​មាន​ពិន្ទុ​ TOEFL iBT ៨០​​ ឬ​ IELTS ៦.៥ តែ​បើ​បាន​ TOEFL iBT ​៨៨ ឬ ​IELTS​ ៧.០​ គឺ​កាន់តែប្រសើរ ជាពិសេស​សម្រាប់​អាហារូបករណ៍​ Fulbright។ ដូច្នេះ​បើ​សិន​អ្នក​មាន​បំណង​ចង់​សុំ​អាហារូបករណ៍​ ពិន្ទុ​ភាសា​អង់​គ្លេស​ខ្ពស់​នឹង​ជួយ​ឲ្យ​ពាក្យ​ស្នើ​សុំ​របស់​អ្នក​កាន់​តែ​មាន​អាទិភាព​ខ្ពស់។
ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ដែរ​ សម្រាប់​និស្សិត​ដែល​ប្រាថ្នា​ចង់​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ គួរ​តែ​ត្រៀម​សម្រាប់​ការ​ធ្វើ​តេស្ត​កំរិត​អន្តរជាតិ​ផ្សង​ទៀត​ ដូច​ជា​ GRE និង​GMAT ​ឲ្យ​ហើយ​ទៅ។
លើស​ពី​នេះ​ អាហារូបករណ៍ទូទៅ នឹង​ទាម​ទា​ កម្រិត​ពិន្ទុមធ្យម​ ឬ​ហៅ​កាត់​ថា​ GPA​ ខ្ពស់, មាន​បទ​ពិសោធន៍​ការងារ​ និង​ធ្លាប់​បម្រើ​​ការងារ​ក្នុង​វិស័យ​ណា​មួយ​កន្លង​មក។ កម្រិត​GPA​ទាប​បំផុត​ក៏​ ៣.០​ដែរ។ សម្រាប់​បទ​ពិសោធន៍​ការងារ​វិញ​ កម្មវិធី​អាហារូបករណ៍​ខ្លះ​នឹង​កំណត់​ថា​ បេក្ខជន​ត្រូវ​ធ្លាប់​ធ្វើការ​រយៈពេល​ណា​មួយ​ ហើយ​ការងារ​នោះ​ទាក់​ទង​នឹង​អាហារូបករណ៍​ដែល​កំពុង​ស្នើ​សុំ។
Sabay៖ ជា​ធម្មតា​ ក្នុង​ពាក្យ​សុំ​អាហារូបករណ៍​ គេ​នឹង​តម្រូវ​ឲ្យ​សរសេរ​អត្ថបទ​មួយ​ (Essay)។ តើ​ក្នុង​អត្ថបទ​នោះ​គួរ​សរសេរ​បែប​ណា?
មាស ថុង៖ ដើម្បី​អាច​សរសេរ​Essay​បាន​ល្អ​ គឺ​អ្នក​ត្រូវ​តែ​បង្ហាញ​ថា​ អ្នក​ពិត​​ជា​បេក្ខជន​ដ៏​ស័ក្ត​សម​បំផុត​សម្រាប់​អាហារូបករណ៍​នេះ។ សម្រាប់​ Development Scholarship ​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ ត្រូវ​តែ​ពិពណ៌នា​អំពី​គុណ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​អ្នក,​ ការ​រួម​ចំណែក​របស់​អ្នក​ជួយ​សង្គម​នា​ពេល​កន្លង​មក,​ ការ​ប្តេជ្ញា​ចិត្ត​របស់​​អ្នក​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម,​ តើ​អ្នក​នឹង​ធ្វើ​ឲ្យ​គម្រោងរបស់​អ្នក​​ចេញ​ជា​ផ្លែ​ផ្កា​ដោយ​របៀប​ណា, ​ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​ តើ​អាហារូបករណ៍​នេះ​នឹង​ជួយ​ឲ្យ​អ្នក​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​បាន​ដោយ​របៀប​​ណា។ ទាំង​នេះ​ គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​ចូល​ក្នុង​ពាក្យ​សុំ​អាហារូបករណ៍​របស់​ខ្ញុំ​ ហើយ​វា​ពិត​ជា​មាន​ប្រសិទ្ធិ​ភាព​មែន។
Sabay៖ តើ​ការ​សុំ​​អាហារូបករណ៍​មួយ ​តម្រូវ​ឲ្យ​មាន​ការ​ត្រៀម​ខ្លួន​អ្វី​ខ្លះ?
មាស ថុង៖ ការ​ត្រៀម​ខ្លួន​សម្រាប់​សុំ​អាហារូបករណ៍​​គឺ​សាមញ្ញ​ទេ។ ដំបូង​ ខ្ញុំ​គ្រាន់​តែ​ដុះ​​ខាត់​ភាសា​អង់​គ្លេស​របស់​ខ្ញុំ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ភាសា​អង់​គ្លេស​មិន​មែន​ត្រឹម​តែ​សម្រាប់​ប្រជែង​យក​អាហារូបករណ៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជំនាញ​នេះ​​សំខាន់​ណាស់​សម្រាប់​ពេល​បាន​អាហារូបករណ៍​ហើយ ចូល​ទៅ​សិក្សា​នៅ​ប្រទេស​គេ​ និង​សំខាន់​សម្រាប់​ការ​ងារ​នា​ថ្ងៃ​អនាគត​របស់​យើង​ដែរ។
ទន្ទឹម​គ្នា​នោះ​ដែរ​ ខ្ញុំ​តែង​តែ​ស្រាវជ្រាវ​ដំណឹង​ផ្សេង​ៗ​ទាក់​ទង​នឹង​អាហារូបករណ៍​ដែល​ធ្លាប់​​ផ្ដល់​ឲ្យ​និស្សិត​ខ្មែរ​​នា​ពេល​កន្លង​មក​ និង​កាល​បរិច្ឆេទ​បិទ​ការ​ស្នើ​សុំ​​អាហារូបករណ៍​នោះ។ នៅ​ពេល​អាហារូបករណ៍​ណា​មួយ​​ធ្លាក់​មក​ដល់​ ខ្ញុំ​គ្រាន់​តែ​ដាក់​ពាក្យ​សុំ​បន្តការសិក្សាតែ​ជំនាញ​ណា​ដែល​ទាក់​ទង​នឹង​​ការ​សិក្សា​មុនៗ និង​ការងារ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។
Sabay៖ ក្រោយ​ពេល​​ដាក់​ពាក្យ​រួច​ អ្នក​ត្រូវ​បាន​គេ​ទូរសព្ទ​ហៅ​ឲ្យ​មក​សម្ភាសន៍​ តើ​ត្រូវ​ត្រៀម​ខ្លួន​យ៉ាង​ណា​ដែរ?
មាស ថុង៖ ប្រសិន​បើ​អ្នក​ត្រូវ​បាន​គេ​ណាត់​ឲ្យ​មក​សម្ភាស​ន៍​ នេះ​មាន​ន័យ​ថា​ អ្នក​ត្រូវ​តាម​អ្វី​ដែល​អាហារូបករណ៍​នោះ​ចង់​បាន។ ជា​ធម្មតា​ ការ​សម្ភាស​គឺ​គ្រាន់​តែ​ជា​ការ​ផ្ទៀង​ផ្ទាត់​អ្នក​ ជាមួយ​​នឹង​ពាក្យ​សុំ​អាហារូបករណ៍​របស់​អ្នក​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​វា​នឹង​ផ្តល់​ឱកាស​មួយ​ដល់​អ្នក​ក្នុង​ការ​ប្រាប់​ដល់​គណៈ​មេ​ប្រយោគ​ លម្អិត​បន្ថែម​ទៀត​អំពី​ខ្លួន​អ្នក។
ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​​សម្ភាសន៍​ ខ្ញុំ​ត្រូវ​មើល​ពាក្យ​ស្នើ​សុំ​របស់​ខ្ញុំ​ឡើង​វិញ​ ពិនិត្យ​មើល​អ្វី​ដែល​គួរ​តែ​ប្រាប់​ដល់​គណៈ​មេ​ប្រយោគ​បន្ថែម​ទៀត​ ដូច្នេះ​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ការ​ស្នើ​សុំ​អាហារូបករណ៍​របស់​ខ្ញុំ​កាន់​តែ​មាន​ទម្ងន់​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ដែរ ខ្ញុំ​ត្រូវ​ព្យាយាម​បញ្ចុះ​បញ្ចូល​គណៈ​មេ​ប្រយោគ​ ថា​ខ្ញុំមានទំនុក​ចិត្តពេញលេញលើខ្លួនឯង​ និង​មានការ​ត្រៀម​ខ្លួន​ជា​​ស្រេច​ក្នុងការបំពេញការសិក្សាបន្តនេះ។
Sabay៖ តើ​អ្នក​មាន​ជា​យោបល់​អ្វី​ផ្ដល់​ដល់​និស្សិត​ខ្មែរ​ ដែល​ចង់​សុំ​អាហារូបករណ៍​ដូច​អ្នក​ដែរ​ ឬ​ទេ?
មាស ថុង៖ ខ្ញុំ​យល់​ថា​ និស្សិត​ដែល​ចង់​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ ដំបូង​ត្រូវ​ត្រៀម​ភាសា​អង់គ្លេស​ (ដើម្បីធ្វើតេស្ត TOEFL/IELTS), ​លួច​​សាក​ល្បង​ធ្វើ​តេស្ត​កំរិត​អន្តរជាតិ​ផ្សេង​ៗ​ទៀត​ដូច​ជា​ GRE ឬ GMAT, គួរ​ចូល​បម្រើ​ការងារ​នៅ​ស្ថាបន​ណា​មួយ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ខ្លះ, រៀន​សរសេរ​ពាក្យ​សុំ​អាហារូបករណ៍ រៀបរាប់​អំពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ និង​គោលដៅ​នៅ​ថ្ងៃ​​អនាគត, ប៉ុន្តែ​ក្នុង​ពាក្យ​សុំ​អាហារូបករណ៍​អ្នក​ក៏​ត្រូវ​បន្ថែម​អំពី​គម្រង​នៃ​ការ​សិក្សា​របស់​អ្នក​ផង​ដែរ៕

Source : sabay

សមត្ថភាព​ និង​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​នាំ​ឲ្យ​ខ្ញុំ​ជាប់​អាហារូបករណ៍​សិក្សា​នៅ​ជប៉ុន​


ជា​ទូទៅ​អ្នក​មាន​សមត្ថភាព​ និង​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​រមែង​ទទួល​បាន​ភាព​​ជោគ​ជ័យ។​ជាក់ស្តែង​យុវជន ​​ខឹម​ បូរិន​ អាយុ​ ២៤​ ឆ្នាំ​​បាន​និយាយ​ថា ​សមត្ថភាព​ និង​ការ​ជឿ​ជាក់​លើ​ខ្លួនឯងពិត​​​ជា​កត្តា​ចម្បង​មួយ​នាំ​ឲ្យ​​លោក​​ជាប់​អាហារូបករណ៍​​ និង​កំពុង​​សិក្សា​នៅ​ប្រទេស​ជប៉ុន ​ថ្នាក់​អនុបណ្ឌិត ​ជំនាញ​កសិកម្ម​។
មាន​ស្រុក​កំណើត​នៅ​ឯ​​ភូមិ​​ពេជ្រ​ចង្វា​ ឃុំ​បឹង​ត្រាញ​ខាង​ជើង​ ស្រុក​សំរោង​ខេត្ត​តាកែវ​ បូរិន​ គឺ​ជា​អតីត​​និស្សិត​​ថ្នាក់​បរិញ្ញាបត្រ​នៅ​​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម និង​បាន​ជាប់​អាហារូបករណ៍​ទៅ​​សិក្សា​នៅ​ប្រទេស​ជប៉ុន​ កាល​ពី​ដើម​ឆ្នាំ​២០១៣​ កន្លង​មក​នេះ។
ក្រោម​កម្ម​វិធី​អាហារូបករណ៍​ផ្ដល់​ដោយ​ក្រសួង​អប់រំ​ប្រទេស​ជប៉ុន​ដែល​មាន​ឈ្មោះ​ថា​ MONBUKAGAKUSHO ឬ MEXT Scholarship 2013 ​បូរិន​ បាន​​រៀប​រាប់​​ថា​ មាន​​កត្តា​ពីរ​យ៉ាង​ដែល​​នាំ​ឲ្យ​លោក​ទទួល​បាន​អាហារូបករណ៍​នៅ​ប្រទេស​ជប៉ុន​​គឺ​កត្តា​ ក្នុង​ខ្លួន​ និង​កត្តា​ក្រៅ​ខ្លួន។កត្តា​​ក្នុង​ខ្លួន​គឺ​ សមត្ថ​ភាព​​ និង​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ រីឯ​កត្តា​ក្រៅ​ខ្លួន​វិញ​គឺ​ការ​គាំ​ទ្រ​ពី​ក្រុម​គ្រួសារ​ ពី​មនុស្ស​ជាទី​ស្រលាញ់ និង​ការ​ផ្ដល់​កម្លាំង​ចិត្ត​​ខ្លាំង​ពី​មិត្តភ័ក្ដិ​ ព្រម​ទាំង​ទទួល​បាន​ការ​ណែ​នាំ​ និង​ចែក​រំលែក​បទ​ពិសោធន៍​ពី​អតីត​និស្សិត​ជយលាភី​ជំនាន់​មុន។
បូរិន​ បាន​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួនទៀតថា​ ដើម្បី​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ ជប៉ុន​ បេក្ខជន​អាច​ទាក់​ទង​នៅ​ការិយាល័យ​​អាហារូបករណ៍​​​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ និង​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ និង​ត្រូវ​ចេះ​​ភាសា​អង់គ្លេស​ល្អ​បង្គួរ​ ព្រោះ​​​ការ​សិក្សា​ និង​គ្រប់​គម្រោង​ស្រាវ​ជ្រាវ​ទាំង​អស់​ត្រូវ​ធ្វើ​ឡើង​ជា​ភាសា​អង់គ្លេស​។​​​​​
​ទោះ​យ៉ាង​ណា​ បូរិន​ បាន​រៀប​រាប់​ពី​ការ​លំបាក​របស់​ខ្លួន​ខ្លះ​ៗ​ថា​ កត្តា​ភាសា​គឺ​ជា​​ការ​លំបាក​មួយ​ ព្រោះ​រាល់​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ប្រជាជន​ នៅ​ក្នុង​តំបន់​ភាគ​ច្រើន​ពួក​គាត់​និយម​ប្រើ​ប្រាស់​ភាសា​ជប៉ុន​​ជា​គោល​។ការ​លំបាក​ទី​២ គឺ​អាកាស​ធាតុ​ ខណៈ​នៅ​កម្ពុជា​មាន​សីតុណ្ហភាព​​ជា​មធ្យម​​៣៧​ ទៅ​៣៨ អង្សារ តែ​សម្រាប់​ប្រទេស​ជប៉ុន​វិញ​មាន​សីតុណ្ហភាព​​ចន្លោះ​ពី​​៧​ទៅ​១០​ អង្សារ​ ដែល​​ពី​ដំបូង​ធ្វើ​ឲ្យ​ត្រជាក់​ខ្លាំង​ពិបាក​ទ្រាំ​។​ការ​លំបាក​ចុង​ក្រោយ​គឺ​ម្ហូប​អាហារ។ម្ហូប​ជប៉ុន​ មាន​រស់​ជាតិ​ខុស​ប្លែក​ពី​ម្ហូប​ខ្មែរ ដូច្នេះ​មាន​ការ​លំបាក​បន្តិច​​ពេល​មក​ដល់​មួយ​ខែ​ដំបូង​។តែ​មក​ដល់​ឥឡូវ​ អាច​ញ៉ាំ​បាន​ស្ទើរ​គ្រប់​មុខ​ម្ហូប​ទៅ​ហើយ៕

Source : sabay

មុនបាន​​​អាហារូបករណ៍​​បរទេសខ្ញុំធ្លាប់ជា​សិស្ស​គេច​សាលា​ និង​ញៀន​​បាល់


ក្នុង​​វ័យ​ ២៦ ​ឆ្នាំ​​ យុវជន​ តែ រតនៈ​ បច្ចុប្បន្ន​គឺ​ជា​និស្សិត​អាហារូបករណ៍​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅ​ប្រទេស អេស្តូនី​ លើ​មុខ​ជំនាញ​គ្រប់​គ្រង​បច្ចេកវិទ្យា​ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​បន្ទាប់​ពី​​បញ្ចប់​ការ​សិក្សា​អាហារូបករណ៍​​នៅ​ប្រទេស​ចិន​លើ​ជំនាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម​។
រតនៈ​ បាន​រំលឹក​ថា ដើម​ឡើយ​រូប​គេ​ធ្លាប់​ជា​អតីត​សិស្ស​មួយ​រូប​ងប់ងុល​​នឹង​កីឡា​បាត់​ទាត់​ ​បាល់​ទះ​ ​គេច​​សាលារហូត​ចំណាយ​ពេល​ស្ទើរ​ទាំង​ស្រុង​ពី​ការ​សិក្សា​ដើម្បីលេង​កីឡា។ ដូច្នេះ​តើ​កត្តា​អ្វី​ ដែល​ធ្វើ​ឲ្យ​យុវជន​រូប​នេះ​ផ្លាស់​ប្ដូរ ហើយ​ក្លាយ​ខ្លួន​ជា​និស្សិត​ឆ្នើម​បែប​នេះ​ទៅ​វិញ​?។
មាន​ស្រុក​កំណើត​ នៅ​ភូមិ​វត្ត​ ឃុំ​វត្ត​ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​ រតនៈ​គឺជា​កូន​ច្បង​គេ​ ក្នុង​ចំណោម​បង​ប្អូន​ចំនួន​៤ នាក់​ ដែល​​ឪពុកម្ដាយ​គឺជា​អាជីវករ​លក់ដូរ​បន្តិច​បន្តួច​នៅ​ផ្ទះ​។
អំឡុង​ឆ្នាំ​២០០២ ក្រោយ​បញ្ចប់​អនុវិទ្យាល័យ​ក្រចេះ​ក្រុង​ ​រតនៈ​បាន​​ចូល​សិក្សា​នៅ​វិទ្យាល័យ​ព្រះកុសុមៈ​ ​ដោយ​បាន​ចំណាយ​ពេល​វេលា​ជាច្រើន​​នឹង​ការ​លេង​កីឡា​បាល់​ ទាត់​ និង​បាល់​ទះ​ ភ្លេច​ការ​សិក្សា​​។
រតនៈ​ ​​បាន​រៀប​រាប់​បន្ត​ថា​ នៅ​ថ្ងៃ​ទី៨ ខែ​សីហា​ ឆ្នាំ​២០០៥ ​បាន​មក​ដល់​ ជា​ថ្ងៃ​ប្រលង​ថ្នាក់​ជាតិ​ រូប​គេ​ក៏​ដូច​ជា​សិស្ស​ផេ្សងៗ​ទៀត​ដែរ​ បាន​ខិត​ខំ​ប្រលង​យ៉ាង​សស្រាក់​សស្រាំ​ ប៉ុន្តែ​លទ្ធ​ចេញ​មក​ធ្វើ​ឲ្យ​ប្អូន​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ នោះ​មិន​មែន​មាន​ន័យ​ថា​ប្អូន ប្រលង​ធ្លាក់​ទេ​ តែ​លទ្ធ​ផល ដែល​បាន​ត្រឹម​និទ្ទេស​ D នេះ​ ធ្វើ​ឲ្យ​ រតនៈ កាន់​តែ​ខ្មាស​គេ​ខ្លាំង​​ទៅ​វិញ​ ដោយ​សារ​តែ​មិត្តភ័ក្ដិ​ជាច្រើន​បាន​និទ្ទេស​ល្អ។ រតនៈ និយាយ​ថា​”និទ្ទេស​នេះ​ ខ្ញុំ​មិន​បាន​ទទួល​អាហារូបករណ៍​ពី​សាកល​វិទ្យាល័យ​ណាមួយ​ឡើយ​ រួច​ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា​ គួរ​ធ្វើ​អ្វី​បន្ត​?”។
រតនៈ​ បាន​សម្រេច​ចិត្ត​មក​ទីក្រុង​ភ្នំពេញ​ ហើយ​ចុះ​ឈ្មោះ​ចូល​រៀន​បង់​ថ្លៃ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ តាម​ការ​ណែនាំ​ពីសំណាក់​បង​ប្អូន​ និង​មិត្តភ័ក្ដិ​មួយ​ចំនួន​ ។​” ឆ្នាំ២០០៩​ ​ប្អូន​​ក៏បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ ប៉ុន្តែ​ពិន្ទុ​មធ្យម​ភាគ​គឺ​ទាប​មែន​ទែន​(GPA <3.0)។ វា​គឺ​ជា​បរាជ័យ​លើក​ទី២​ បន្ទាប់​ពី​ការ​ប្រលង​បាក់​ឌុប​ ​។​រតនៈ​ បន្ថែម​។ តែ​អាច​ចាត់​​ទុក​ថា​ជា​​សំណាង​របស់​ខ្លួន​​ រតនៈ​ បាន​រៀន​ភាសា​អង់គ្លេស​មួយ​រយៈ​ នៅ​វិទ្យាស្ថាន​ភាសា​បរទេស​(IFL)​ ក្រោយ​មក​ក៏​បាន​សម្ភាសន៍​ជាប់​ចូល​បម្រើ​ការងារ​នៅ​ធនាគារ​ANZ Royal Bank ។ ធ្វើ​ការងារ​នៅ​ទីនោះ​ រតនៈ​ បាន​ស្គាល់​មនុស្ស​ជាច្រើន​រួម​មាន​ មិត្ត​រូម​ការងារ​ អ្នក​គ្រប់​គ្រង​តាម​ផ្នែក​និមួយៗ​  និង​បាន​រៀន​សូត្រ​ពី​របៀប​ធ្វើការ​ងារ​​ពី​បុគ្គលិក​មួយ​ចំនួន​។
ពេល​នោះ​ហើយ​ ដែល​​រតនៈ​ចាប់​ផ្ដើម​មាន​ចំណង់​ចំណូល​ចិត្ត ផ្នែក​ជំនួញ​ និង​គ្រប់​គ្រង​ធនធាន​មនុស្ស​  ហើយ​គិត​ថា​ តើ​ត្រូវ​ប្តូរ​មុខ​ជំនាញ​ពី​​កុំព្យូទ័រ​​ជា​គ្រប់​គ្រង​ ដោយ​វិធី​ណា?​”។ ពេល​ នោះ​គំនិត​មួយ​បាន​ ផុស​ឡើង​ គឺ​មាន​តែ​ដាក់​អាហារូបករណ៍​ទៅ​បរទេស​ទេ​ ទើប​អាច​សម្រេច​ការ​ស្រម៉ៃ​នេះ​បាន​។​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ រតនៈ​​ក៏​សួរ​ខ្លួន​ថា​ តើ​ទៅ​ ដោយ​របៀប​ណា បើ​ខ្លួន​មិន​មែន​ជា​សិស្ស​ពូកែ​ផង​?
នេះ​គឺ​ជា​ការ​សុបិន​ទាំង​ថ្ងៃ​ ព្រោះ​វា​ជា​រឿង​មួយ​លំបាក​ណាស់​ ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ ។​ អាហារូបករណ៍​នៅ​ក្នុង​ស្រុក​ខ្លួន​មិន​ជាប់​ផង​ ចុះ​ទម្រាំ​បរទេស​ទៀត​ ពិត​ជា​ការ​ស្រមើ​ស្រ ម៉ៃ​ពេក​​ហើយ រតនៈ​ អើយ​​។
រតនៈ​ បាន​បញ្ជាក់​ថា​ ជាទូទៅ​អាហារូបករណ៍​មាន​ពីរ​ប្រភេទ​ ប្រភេទ​ទី១​ គឺ​អាហារូបករណ៍ តាម​អ៊ីនធឺណិត​(Online Scholarship) ដែល​តម្រូវ​ឲ្យ​បេក្ខជន​ផ្ញើ​សំណុំ​បែប​បទ​ទៅ​អ្នក​ផ្ដល់​អាហារូបករណ៍ ​។សំណុំ​បែប​បទ​ អាហារូបករណ៍ ដែល​ត្រូវ​ផ្ញើ​ទៅ​រួម​មាន​ សញ្ញា​ប័ត្រ​បញ្ចប់​ការ​សិក្សា​(Diploma) ព្រឹត្តិបត្រ​ពិន្ទុ​ខ្ពស់​(Transcript: GPA>3.5)​លិខិត​ណែនាំ​ពី​សាស្ត្រាចារ្យ(Letter of recommendation ) ថ្លៃ​​ដាក់​ពាក្យ​(Application Fee)ពិន្ទុ​អង់គ្លេស​(Official English Score:TOEFLE/IELTs) លិខិត​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត ​(Letter of Motivation)​ គម្រោង​ ដែល​ត្រូវ​ទៅ​ធ្វើ​ការ​ស្រាវ​ជ្រាវ​(Research Proposal)ជាដើម។
រតនៈ និយាយ​ថា​ ចំណុច​ទាំង​អស់​នេះ​បើ​ក្រឡេក​មើល​ពី​សមត្ថ​ភាព​របស់​ខ្លួន​ គឺ​ពិត​ជា​មិន​អាច​ទៅ​រួច​ទាល់​តែ​សោះ​ ព្រោះ​ព្រឹត្តិបត្រ​ពិន្ទុ​ទាប​មែន​ទែន​(GPA<3)​ ហើយ​ពិន្ទុ​ភាសា​អង់គ្លេស​ទៀត​សោត​(TOEFLE/IELTs)ក៏​មិន​ទាន់​មាន​ ព្រោះ​គ្មាន​ប្រាក់​ទៅ​ប្រលង​ ដែល​ត្រូវ​ចំណាយ​ប្រហែល​១៧០​ដុល្លារ​។
ប៉ុន្តែ​កត្តា​ឧបសគ្គ​ខាង​លើ​មិន​បាន​ធ្វើ​ឲ្យ​ រតនៈ​ អស់​សង្ឃឹម​ទេ​ ព្រោះ​អាហារូបករណ៍​ប្រភេទ​ទី២​ មិន​តម្រូវ​ឲ្យ​ផ្ញើរ​សំណុំ​បែប​បទ​ទាំង​នោះ​ទេ​។​ ជា​ដំបូង​ត្រូវ​ទៅ​ទិញ​ពាក្យ​ប្រលង​នៅ​នាយក​ដ្ឋាន​អាហារូបករណ៍​ ហើយ​ដាក់​ពាក្យ​ជាមួយ​ និង​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ រួច​រង់​ចាំ​ថ្ងៃ​ប្រលង​ ដែល​រៀប​ចំ ដោយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា។
រតនៈ​ បាន​រៀបរាប់​ទៀត​ថា​ “ខ្ញុំ​រៀន​មិន​ពូកែ​តាំង​ពី​ថ្នាក់​វិទ្យាល័យ​ រហូត​មក​​ដល់​មហាវិទ្យាល័យ​ ប៉ុន្តែ​ដោយ​សារ​តែ​ចង់​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​បរទេស​ មុន​ពេល​ប្រលង​ប្រហែល​ជា​៣​ ខែ​ខ្ញុំ​បាន​ចាប់​ផ្ដើម​មើល​សៀវភៅ​ទាក់​ទង​​នឹង​ចំណេះ​ដឹង​ទូទៅ​ ប្រឹង​រៀន​ភាសា​អង់គ្លេស​ ទាំង​ការ​និយាយ និង​សរសេរ​។មិន​តែ​ប៉ុណ្ណោះ​ខ្ញុំ​បាន​សុំ​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ អ្នក​គ្រូ​លោក​គ្រូ ដែល​មាន​បទ​ពិសោធន៍​ ក៏​ដូច​ជា​រស់​នៅ​បរទេស​ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​”។ រតនៈ​ និយាយ​ថា​ សម្រាប់​ភាសា​អង់គ្លេស​មិន​សូវ​ចោទ​ជា​ញ្ហា​ប៉ុន្មាន​ទេ​ គួប​ផ្សំ​នឹង​ការ​សិក្សា​នៅ​វិទ្យា​ស្ថាន​ភាសា​បរទេស​បាន​ខ្លះ​ ព្រោះ​ឪពុក​ម្ដាយ​ប្អូន​បាន​ជំរុញ​តាំង​ពី​នៅ​ខេត្ត​មក​ម្ល៉េះ​ ​។
ថ្ងៃ​ប្រកាស​លទ្ធ​ផល​បាន​មក​ដល់​គឺ​ជា​អ្វី ដែល រតនៈ​ ស្ទើរ​មិន​ជឿ​ថា​បាន​ប្រលង​ជាប់​លេខ​២ ក្នុង​ចំណោម​បេក្ខជន​១៥ នាក់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​។ ក្រោយ​ពី​បាន​សម្ភាសន៍​ជាមួយ​មន្ត្រី​ទូត​ចិន​ ​រតនៈ​ ក៏​បាន​ជាប់​ជា​ស្ថាពរ។
នៅ​ចុង​ខែ​សីហា​ ឆ្នាំ​២០១០​ រតនៈ​ បាន​ចេញ​ទៅ​បន្ត​ការ​សិក្សា​​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ នៅ​ University of Science and Technology Beijing ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​។​ ពេល​ទៅ​ដល់​ប្រទេស​ចិន​ដំបូង​ មាន​ការ​លំបាក​ជា​ខ្លាំង ​ព្រោះ​នៅ​ប្រទេស​ចិន​កម្រ​និយាយ​ភាសា​អង់គ្លេស​ណាស់​​ ឯ​អាកាស​ធាតុ​វិញ​ត្រជាក់​ក្រោម​សូន្យ​អង្សា​ ធ្លាក់​ទឹកកក​ ហើយ​បើ​អាហារ​វិញ​ក៏​ពិបាក​ញ៉ាំ​​ទៀត​។ ទោះ​យ៉ាង​ណា​ប្រាក់​អាហារូបករណ៍​គឺ​គ្រប់​គ្រាន់​សម្រាប់​ការ​រស់​នៅ​យ៉ាង​សមរម្យ​ គឺ​១៧០០ យន់​ ក្នុង​មួយ​ខែ។
រតនៈ​ និយាយ​ថា​ “មិន​យូរ​ប៉ុន្មាន​ ខ្ញុំ​​ក៏​អាច​សម្រប​ខ្លួន​បាន ហើយ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​សាស្ត្រា​ចារ្យ​ និង​មិត្ត​រូម​ថ្នាក់​ ដែល​មក​ពី​គ្រប់​ទិស​ទី​ ក្នុង​សាកល​លោក​ ទន្ទឹម​គ្នា​នោះ​ការ​សិក្សា​ក៏​មាន​ការ​វិវឌ្ឍ​គួរ​ឲ្យ​កត់​សំគាល់​ រហូត​ទទួល​បាន​រង្វាន់​ដូច​ជា​ Excellent International Student Award, Excellent Article Publication, Excellent Thesis Presentation ហើយ​​​​ទទួល​បាន​សញ្ញាប័ត្រ​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​(MBA) នៅ​ខែ​កក្កដា​ឆ្នាំ២០១២​”។ រតនៈ​ បន្ថែម​ថា​ “ជាមួយ​​នឹង​ភាព​ជោគជ័យ​នេះ​ រង្វាន់​ ដែល​ខ្ញុំ​ទទួល​បាន​ និង​ព្រឹត្តិបត្រ​ពិន្ទុ​ល្អ​(GPA=3.8 ខ្ញុំ​ក៏​កាន់​តែ​មាន​ទំនុក​​ចិត្ត​កាន់​តែ​ខ្លាំង ហើយ​ចង់​ដឹង​ថា​ការ​អប់រំ​នៅ​អឺរ៉ុប​ ខុស​ប្លែក​ពី​ប្រទេស​នៅ​អាស៊ី​ប៉ុណ្ណា​ ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​ប្រកួត​ប្រជែង​យក​អាហារូបករណ៍​អនុ​​បណ្ឌិត​មួយ​ទៀត​តាម​រយៈ​អ៊ីនធឺណិត​ ដែល​ផ្ដល់​ដោយ​ Ragar Nurkse School of Innovation and Governance នៃ​ Tallinn University of Technology នៅ​ប្រទេស​អេស្តូនី​(អឺរ៉ុប​ខាង​ជើង​​) ដែល​ស្ថិត​នៅ​សហ​ភាព​អឺរ៉ុប​”។
ការ​ដាក់​ពាក្យ​តម្រូវ​ឲ្យ​មាន​ពិន្ទុ​អង់គ្លេស​  (TOEFLE/IELTs)​។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​សិក្សា​នៅ​ប្រទេស​ចិន​ ធ្វើ​ឡើង​ជា​ភាសាអង់គ្លេស​សុទ្ធ​ ទើប​គណៈ​កម្មការ​លើក​លែង​សម្រាប់​តម្រូវ​ការ​នោះ​។​​​​ប្អូន​​បាន​ផ្ញើ​សំណុំ​បែប​បទ​ទៅ​ប្រទេស​អេស្តូនី​ និង​ឆ្លង​កាត់​ការ​សម្ភាសន៍​ជាមួយ​គណៈកម្មការ​អាហារូបករណ៍​ រតនៈ ​គឹ​ជា​បេក្ខ ជន​តែ​ម្នាក់​គត់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​កម្ម​វិធី​អនុ​បណ្ឌិត​គ្រប់​គ្រង​បច្ចេកវិជ្ជា​ និង​សេដ្ឋកិច្ច​​អភិវឌ្ឍន៍​(Technology Governance Innovation and Development Economics) ក្នុងចំណោម​បេក្ខជន​ជាច្រើន​រយ​នាក់​ទូទាំង​ពិភព​លោក​។​ប្រាក់​អាហារូបករណ៍​ប្រហែល​ ១០០០០ ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​​ ហើយ​ចំនួន​នេះ​ក៏​គ្រប់​គ្រាន់​សម្រាប់​ការ​​ចំណាយ​ផ្សេងៗ​ប្រចាំ​ថ្ងៃ​​ ហើយ​ចំពោះ​ផល​លំបាក​វិញ​មិន​ខុស​ពី​ប្រទេស​ចិន​ទេ ប៉ុន្តែ​ស្រួល​បន្តិច​ត្រង់​ថា​ប្រជាជន​គេ​និយាយ​ភាសា​អង់គ្លេស​។ផល​លំបាក​មួយ​ទៀត​គឺ​ ប្អូន​ជា​និស្សិត​ខ្មែរ​តែ​ម្នាក់​​គត់​ នៅ​ទី​នេះ​ ដែល​ធ្វើ​ឲ្យ​តប់​ប្រមល់​ពេលខ្លះ​ មិន​ដូច​នៅ​ប្រទេស​ចិន​ ដែល​​មាន​មិត្តភ័ក្ដិ​ខ្មែរ​ច្រើន​។
សិក្សា​នៅ​ប្រទេស​អេស្តូនី​ រតនៈ​ ទទួល​​បាន​ពិន្ទុ​ល្អ(GPA>3.7)ហើយ​ក៏​អាច​​មាន​ឱកាស​ដាក់​អាហារូបករណ៍ (Erasmus scholarship) បន្ទាប់​ពី សម្ភាស​ជាមួយ​គណៈកម្មការ​ជ្រើសរើស រតនៈ​ ក៏​បាន​ជាប់​អាហារូបករណ៍​សិក្សា​នៅ​ Ruhr University Bochum ប្រទេស​អាល្លឺម៉ង់​ ដែល​នឹង​ត្រូវ​ចាក​ចេញ​ទៅ​សិក្សា​នៅ​ខែ ​តុលា​ ឆ្នាំ ២០១៣ ខាង​មុខ​។
គោលបំណង​ទៅ​ថ្ងៃ​អនាគត​ ក្រោយ​បញ្ចប់​ការ​សិក្សា រតនៈ​ ចង់​ក្លាយ​ជា​សាស្ត្រាចារ្យ​ម្នាក់​ ដោយ​អាច​ចែក​រំលែក​បទ​ពិសោធន៍​ ដែល​ខ្លួន​បាន​​ឆ្លង​កាត់ កន្លង​មក​ឲ្យ​ប្អូន​ៗ​ជំនាន់​ក្រោយ​បាន​ចេះ​ដឹង​  និង​មើល​ឃើញ​បាន​វែង​ឆ្ងាយ​។ ក្រៅ​ពី​នេះ​ក៏​ចង់​ចូល​ធ្វើ​ការងារ​នៅ​តាម​ស្ថាប័ន​ក៏​ដូច​ជា​អង្គ​ការ​ ដែល​មាន​គោល​ដៅ​លើកកម្ពស់​​ការ​អប់រំ​ និង​ការ​អភិវឌ្ឍន៍​ ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ រតនៈ​ និយាយ​ទៀត​ថា​​ “អ្វី​ដែល​ខ្ញុំ​ចង់​ចែក​រំលែក​មួយ​ទៀត​នោះ​គឺ​ ទោះ​បី​ជា​ខ្ញុំ​ធ្លាប់​ជា​សិស្ស​រៀន​ខ្សោយ​ តាំង​ពី​ថ្នាក់​ក្រោយ​រហូត​ដល់​មហាវិទ្យាល័យ​ ក៏​យើង​អាច​វិវត្តន៍​ខ្លួន​យើង​ ហើយ​និង​ទទួល​បាន​អាហារូបករណ៍​ ទៅ​សិក្សា​នៅ​បរទេស​បាន​ដែរ​ តាម​រយៈ​ការ​តាំង​ចិត្ត​ និង​ការ​ស្រ ម៉ៃ​ ការ​រស់​​នៅ​ជាមួយ​ក្តី​សង្ឃឹម​​ជា​និច្ច​ទោះ​ជា​រស់​នៅ​ស្ថិត​ ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ”។
ម្យ៉ាង​យើង​ត្រូវ​ស្វែង​យល់​ពី​ សមត្ថភាព​ ភាព​ខ្លាំង​ និង​ភាព​ខ្សោយ​របស់​យើង ហើយ​កំណត់​ថា​អាហារូបករណ៍​ប្រភេទ​ណា​សក្ដិសម​ នឹង​ខ្លួន​យើង​។​បន្ទាប់​មក​យើង​ស្វែង​យល់​ពី​មធ្យោបាយ​ ក្នុង​ការ​ប្រលង​ក៏​ដូច​ជា​ដាក់​ពាក្យ​ប្រលង​។ ជាក់​ស្ដែង​និស្សិត​ខ្លះ​គាត់​រៀន​មិន​ពូកែ​ ប៉ុន្តែ​គាត់​ចង់​ទៅ​អឺរ៉ុប​​ អាមេរិក​ អូស្ត្រាលី​ ។ វា​ពិត​ជា​រឿង​លំបាក​ណាស់ ។ប៉ុន្តែ​គាត់​អាច​ធ្វើ​បាន ដោយ​ការ​អភិវឌ្ឍន៍ ខ្លួន​បន្តិច​ម្ដង​ តាម​រយៈ​ការ​សិក្សា​នៅ​ប្រទេស​ជិត​ខាង​ ដែល​មាន​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​ធូរស្រាល​ជាង។រៀន​សូត្រ​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន ដែល​ធ្លាប់​រៀន​នៅ​បរទេស​​ ជា​កត្តា​មួយ​ដ៏​សំខាន់​ផង​ដែរ​​​​​​​។​ខ្ញុំ​អាច​មក​រៀន​នៅ​អឺរ៉ុប​ និង​អាច​ទទួល​បាន​អាហា រូបករណ៍​កន្លង មក​ដោយ​មិន​មាន​ពិន្ទុ​អង់គ្លេស​ផ្លូវ​ការ​(TOEFLE/IELTs)​ ព្រោះ​ខ្ញុំ​គ្មាន​ប្រាក់​សម្រាប់​ចំណាយ​ការ​ប្រលង​ ប៉ុន្តែ​អ្នក​គ្រប់​គ្នា​ក៏​អាច​ធ្វើ​បាន ដូច​ខ្ញុំ​ដែរ​ តាម​រយៈ​បទ​ពិសោធន៍​ ដែល​ខ្ញុំ​ចែក​រំលែក​ខាង​លើ។
មួយ​វិញ​ទៀត​យើង​ត្រូវ​ចេះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដូច​ជា​ Facebook, Twitter ,Linkedin ឲ្យ​មាន​ប្រយោជន៍​ ដើម្បី​តាម​ដាន​ព័ត៌មាន​អាហារូបករណ៍​។ គណៈកម្មការ​ ដែល​បាន​ជ្រើស​រើស​ខ្ញុំ​មក​រៀន​នៅ​អឺរ៉ុប​បាន​ប្រាប់​ខ្ញុំ​ថា​ នេះ​ជា​យុគសម័យ​អ៊ីនធឺណិត​ ពេល​គេ​ជ្រើស​រើស​និស្សិត​ណា​ម្នាក់​ គេ​តែង​តែ​ស្វែង​រក​ព័ត៌​មាន​ខ្លះ​ៗ របស់​ពួក​គេ​តាម​អ៊ីនធឺណិត​ ហើយ​ច្បាស់​ណាស់​គេ​នឹង​ឃើញ​គណនេយ្យ​ Facebook របស់​ពួក​យើង​។ ដូច្នេះ​ការ​ប្រើ ប្រាស់​ក៏​ដូច​ជា​ដាក់​រូប​ Profile Picture or Cover Photos ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​វា​តំណាង​ឲ្យ​អត្តចរិត​របស់​មនុស្ស​ម្នាក់​ៗ​ ជៀស​វាង​ដាក់​រូប​មិន​សមរម្យ​ ផឹក​ស៊ី​តាម​ក្លឹប ជាដើម​ ដែល​នាំ​ឲ្យ​យើង​បាត់​បង់​ឱកាស​​ជាច្រើន​ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍ និង​ការងារ​តាម​ក្រុមហ៊ុន​ និង​ស្ថាប័ន​ផ្សេងៗ​​​”៕